ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា អឺរ៉ុបមានប្រេងឥន្ធនៈយន្តហោះគ្រប់គ្រាន់សម្រាប់ប្រើប្រាស់តែពីរ ឬបីសប្តាហ៍ទៀតប៉ុណ្ណោះ ដែលអាចនឹងនាំឲ្យមានផលវិបាកដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។

តំណាង IEA បានប្រាប់ទៅកសារព័ត៌មាន CNBC ថាប្រទេសអឺរ៉ុបមួយចំនួនអាចចាប់ផ្តើមជួបប្រទះនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះក្នុងរយៈពេលប្រាំសប្តាហ៍ អាស្រ័យលើចំនួនដែលពួកគេអាចនាំចូលដើម្បីជំនួសការផ្គត់ផ្គង់ដែលបាត់បង់ពីមជ្ឈិមបូព៌ា។ កន្លងមកតំបន់នេះធ្លាប់មានចំនួន ៧៥% នៃការនាំចូលប្រេងឥន្ធនៈយន្តហោះសរុបរបស់អឺរ៉ុប។
ទន្ទឹមនឹងនេះ លោក Claudio Galimberti ប្រធានសេដ្ឋវិទូនៅ Rystad Energy ក៏បាននិយាយផងដែរថា ស្ថានភាពសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅអឺរ៉ុប ភាគច្រើនគឺអាស្រ័យលើចំនួនបារ៉ែលប្រេងដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។
មិនតែប៉ុណ្ណោះ លោក Rico Luman សេដ្ឋវិទូជាន់ខ្ពស់ប្រចាំនៅ ING ក៏បាននិយាយផងដែរថា កប៉ាល់ជាច្រើនត្រូវបានបង្ខំឲ្យឈប់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសារតែស្ថានភាពតានតឹងនៅតែបន្តកើនឡើង ដូច្នេះការផ្គត់ផ្គង់ពីជម្ឈិមបូព៌ា ត្រូវបានកាត់ផ្តាច់ស្ទើតែទាំងស្រុង។
ជម្រាបជូនផងដែរថា ជុំវិញស្ថានភាពបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អឺរ៉ុបយ៉ាងធ្ងន់ធ្ងរ ខណៈបើតាមសមាគម ACI Europe ដែលតំណាងឱ្យអាកាសយានដ្ឋាននានាក្នុងសហភាពអឺរ៉ុប និយាយថា ការដឹកជញ្ជូនតាមផ្លូវអាកាសបង្កើតប្រាក់ចំណូល ៨៥១ពាន់លានអឺរ៉ូ (ជិត ១ទ្រីលានដុល្លារ) ក្នុងផលិតផលក្នុងស្រុកសរុបសម្រាប់សេដ្ឋកិច្ចអឺរ៉ុបជារៀងរាល់ឆ្នាំ៕

