ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple បានប្រកាសថា លោក Tim Cook នឹងចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន នៅក្នុងខែកញ្ញាខាងមុខ ដោយប្រគល់តំណែងកំពូលនេះទៅឲ្យលោក John Ternus ដែលជាបុគ្គលិកចាសវស្សារបស់ក្រុមហ៊ុន ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យ៉ាងណាមិញ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានបង្ហាញឲ្យដឹងទៀតថា លោក Tim Cook នឹងក្លាយជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលវិញ នៅពេលដែលលោកត្រូវចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple នៅត្រឹមថ្ងៃទី១ ខែកញ្ញាខាងមុខ។
នៅក្នុងសេចក្តីប្រកាសដដែលនេះ លោក Tim Cook បានននិយាយថា ៖” វាជាសិទ្ធិដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ដែលបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ហើយត្រូវបានទុកចិត្តឲ្យដឹកនាំក្រុមហ៊ុនដ៏អស្ចារ្យបែបនេះ”។
ជម្រាបជូនផងដែរថា លោក Tim Cook បានចូលរួមជាមួយក្រុមហ៊ុន Apple ជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨ ហើយបានបន្តឡើងតំណែងខ្ពស់ជាបន្តបន្ទាប់ និងបានជួយជំរុញដល់ភាពជោគជ័យរបស់ក្រុមហ៊ុនជាច្រើន។ លោកបានក្លាយជានាយកប្រតិបត្តិនៅឆ្នាំ២០១១ បន្ទាប់ពីសហស្ថាបនិក និងជាដឹកនាំដ៏ល្បីល្បាញរបស់ក្រុមហ៊ុន លោក Steve Jobs បានចាកចេញដោយសារបញ្ហាសុខភាព៕

