ប្រទេសបារាំង បានប្រកាសកោះហៅមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk សម្រាប់ការសួរចម្លើយដោយស្ម័គ្រចិត្តមួយ ទាក់ទងទៅនឹងការស៊ើបអង្កេតរបស់ខ្លួនទៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

អាជ្ញាធរបារាំង បានស្នើសុំឲ្យស្ថាបនិក្រុមហ៊ុន Telsa បង្ហាញខ្លួននៅទីក្រុងប៉ារីស ក្នុងអំឡុងសប្តាហ៍នេះ ប៉ុន្តែវាមិនច្បាស់នៅឡើយទេថា លោក Musk នឹងបង្ហាញខ្លួនឬអត់។ មិនតែប៉ុណ្ណោះ ទីក្រុងប៉ារីស ក៏បានផ្តល់ព័ត៌មានលម្អិតអំពីទីតាំង ឬពេលវេលានៃការសួចម្លើយដែលបានគ្រោងទុក ផងដែរ។
ជុំវិញការកោះហៅនេះ ទាក់ទងនឹងការស៊ើបអង្កេតមួយ ដែលបានផ្តួចផ្តើមឡើង នៅក្នុងខែមករា ឆ្នាំ២០២៥ មកម្លេះ ទៅលើការចោទប្រកាន់ថា ក្បួនដោះស្រាយនៃបណ្តាញសង្គម X ត្រូវបានប្រើដើម្បីជ្រៀតជ្រែកក្នុងនយោបាយបារាំង។
ហើយការស៊ើបអង្កេតនេះត្រូវបានពង្រីកជាបន្តបន្ទាប់ ដើម្បីរួមបញ្ចូលការចោទប្រកាន់ថា chatbot AI របស់បណ្តាញសង្គម X គឺកម្មវិធី Grok បានផ្សព្វផ្សាយព័ត៌មានជ្រុលហួសហេតុ វីដេអូក្លែងក្លាយ និងអាសអាភាស។
គួររំឮកផងដែរ រដ្ឋអាជ្ញាបារាំងបានឆ្មក់ចូលការិយាល័យរបស់បណ្តាញសង្គម X នៅទីក្រុងប៉ារីស កាលពីខែកុម្ភៈ ដែលជាសកម្មភាពមួយ ត្រូវបានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សអាមេរិកមួនេះ បានថ្កោលទោសថាជាការឆ្មក់ចូលដោយមានហេតុផលនយោបាយ និងការរំលោភបំពានអំណាចតុលាការ៕

