ប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថា បានបន្ធូរបន្ថយច្បាប់ពាក់ព័ន្ធទៅនឹងនាំចេញអាវុធដែលមានអាយុកាលរាប់ទសវត្សរបស់ខ្លួន ដោយបើកផ្លូវសម្រាប់ការលក់អាវុធប្រល័យជីវិត ទៅឲ្យប្រទេសផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានប្រកាសនៅថ្ងៃនេះថា ៖”យើងបានកែសម្រួលគោលការណ៍បីស្តីពីការផ្ទេរបច្ចេកវិទ្យា និងឧបករណ៍ការពារជាតិ រួមទាំងគោលការណ៍ណែនាំសម្រាប់ការអនុវត្ត និងការផ្ទេរឧបករណ៍ការពារជាតិគ្រប់ប្រភេទ”។
គួរឲ្យដឹងថាពីមុន ប្រទេសជប៉ុន ត្រូវបានអនុញ្ញាតឲ្យមានការនាំចេញឧបករណ៍យោធាដែលបែងចែកជាប្រាំប្រភេទប៉ុណ្ណោះ គឺការស្វែងរក និងជួយសង្គ្រោះ ការដឹកជញ្ជូន ការព្រមាន ការឈ្លបយកការណ៍ និងការបោសសម្អាតមីន។
យ៉ាងណាមិញ សម្រាប់ច្បាប់ថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយបន្តិចម្តងៗនូវការហាមឃាត់ការនាំចេញអាវុធដ៏ទូលំទូលាយដែលបានដាក់ចេញដំបូងក្នុងឆ្នាំ១៩៧៦។
លោកស្រី Takaichi បានបញ្ជាក់ទៀតថា ប្រទេសជប៉ុន នឹងលក់អាវុធទៅឲ្យប្រទេសដែលប្តេជ្ញាប្រើប្រាស់វាតាមរបៀបដែលស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទន្ទឹមនឹងនេះ លោក Minoru Kihara អគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន បានលើកឡើងផងដែរថា ការសម្រេចចិត្តទាំងនេះត្រូវបានធ្វើឡើង នៅពេលដែលបរិយាកាសសន្តិសុខជុំវិញប្រទេសកំពុងផ្លាស់ប្តូរក្នុងល្បឿនលឿនជាងមុន៕

