ក្រុមហ៊ុន Meta Platforms បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីមួយនៅទីក្រុង Tulsa រដ្ឋ Oklahoma ដែលជាគម្រោងមួយមានតម្លៃជាង ១ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនមេ Facebook មួយនេះ កំពុងប្រណាំងប្រជែងដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI សម្រាប់ធានាថាមពលកុំព្យូទ័រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដូចគ្នាទៅងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀតដែរ ក្រុមហ៊ុន Meta កំពុងតែព្យាយាមបង្កើនការប្រណាំងប្រជែងកាន់តែខ្លាំងឡើង ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំសម្បើម ដើម្បីផ្តល់ថាមពលដល់ការផែនការបញ្ញាសប្បនិម្មិត AI ដ៏មានមហិច្ឆិតារបស់ខ្លួន។
យ៉ាងណាមិញ ក្រុមហ៊ុនបានប្រកាសថា មជ្ឈមណ្ឌលទិន្នន័យថ្មីនៅទីក្រុង Tulsa នេះត្រូវបានគេរំពឹងថានឹងបង្កើតការងារសាងសង់ជាង ១ ០០០ កន្លែងនៅកម្រិតកំពូល និងការងារប្រតិបត្តិការប្រហែល ១០០ កន្លែងនៅពេលបញ្ចប់ការសាងសង់។ វានេះនឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ក្រុមហ៊ុន Meta នៅរដ្ឋ Oklahoma ដោយលាតសន្ធឹងលើផ្ទៃដីជាង ២ លានហ្វីតការ៉េ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Meta បាននិយាយទៀតថា មជ្ឈមណ្ឌលទិន្នន័យ Tulsa នេះ គឺជាមជ្ឈមណ្ឌលទី២៨ របស់ខ្លួននៅសហរដ្ឋអាមេរិក និងទី៣២ នៅទូទាំងពិភពលោក។
ជម្រាបជូនថា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក្នុងមួយរយៈពេលចុងក្រោយនេះកំពុងចាក់បញ្ចូលទឹកប្រាក់រាប់រយពាន់លានដុល្លារទៅក្នុង AI ខណៈពេលដែលលោកកំពុងស្វែងរកការផ្លាស់ប្តូរយ៉ាងខ្លាំងនូវដំណើរការផ្ទៃក្នុងរបស់ក្រុមហ៊ុន ជុំវិញបច្ចេកវិទ្យាជំនាន់ថ្មី៕

