គណៈកម្មការអឺរ៉ុប (EC) កាលពីពេលថ្មីៗនេះ បានស្នើឲ្យមានវិធានការគាំទ្រសេដ្ឋកិច្ចជាបន្ទាន់មួយ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាកំពុងធ្វើឲ្យអឺរ៉ុប ខាតបង់ទឹកប្រាក់ជិត ៦០០លានដុល្លារក្នុងមួយថ្ងៃ ដែលបង្ខំឲ្យមានការបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់ ដើម្បីទប់ទល់នឹងកង្វះខាតថាមពល។ នេះបើតាមការចុះផ្សាពីសារព័ត៌មាន CNN។

ទីភ្នាក់ងារនេះបាននិយាយថា សហភាពអឺរ៉ុប (EU) បានចំណាយប្រាក់បន្ថែមចំនួន ២៤ពាន់លានអឺរ៉ូ (២៨ពាន់លានដុល្លារ) ដែលស្មើនឹងជាង ៥៨៧លានដុល្លារក្នុងមួយថ្ងៃ លើការនាំចូលថាមពល គិតចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបានផ្ទុះឡើង។
យ៉ាងណាមិញ ដើម្បីការពារសេដ្ឋកិច្ចពីការកើនឡើងនៃតម្លៃថាមពល សហភាពអឺរ៉ុប បានស្នើឲ្យបង្កើតស្ថាប័នរួមគ្នាមួយដើម្បីកំណត់ហានិភ័យនៃកង្វះខាតប្រេងឥន្ធនៈអាកាសចរណ៍ និងប្រេងម៉ាស៊ូតយ៉ាងឆាប់រហ័ស។ ពួកគេក៏នឹងសម្របសម្រួលការចែករំលែកប្រេងឥន្ធនៈ ឬការបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់ ក្នុងចំណោមរដ្ឋជាសមាជិកផងដែរ។
គួរឲ្យដឹងថា នៅមុននេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងសមាគមឧស្សាហកម្មអាកាសចរណ៍ ACI អឺរ៉ុប បានព្រមានថា អឺរ៉ុបអាចនឹងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈអាកាសចរណ៍ នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ បច្ចុប្បន្នសហភាពអឺរ៉ុបនាំចូលប្រហែល ៧០% នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈអាកាសចរណ៍របស់ខ្លួន។
ជម្រាបជូនថា ការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នដោយសារតែជម្លោះនៅអ៊ីរ៉ង់ កំពុងមានផលប៉ះពាល់ខ្លាំងបំផុតលើអាស៊ី ប៉ុន្តែកំពុងរីករាលដាលបន្តិចម្តងៗទៅកាន់លោកខាងលិច។ យោងតាមគណៈកម្មការអឺរ៉ុប ទោះបីជាការចរចាសន្តិភាពអាចជួយបញ្ចប់ជម្លោះបណ្ណោះអាសន្ននៅសប្តាហ៍នេះក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចអឺរ៉ុបនឹងនៅតែរងផលប៉ះពាល់ពីការរំខានជាបន្តបន្ទាប់នៃការផ្គត់ផ្គង់ថាមពល៕

