អូស្ត្រាលី ត្រៀមយកពន្ធក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ រាប់លានដុល្លារ បើមិនព្រមអនុវត្តច្បាប់ក្នុងស្រុក

អន្តរជាតិ

រដ្ឋាភិបាលអូស្ត្រាលី បាននិយាយនៅថ្ងៃទី២៨ ខែមេសាថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Meta, Google របស់ Alphabet និង TikTok ជាដើម អាចប្រឈមមុខនឹងការបង់ប្រាក់រាប់លានដុល្លារ ប្រសិនបើពួកគេមិនចរចាកិច្ចព្រមព្រៀងដើម្បីផ្តល់ផលចំចេញទៅឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសម្រាប់ព័ត៌មាន នៅលើវេទិការបស់ពួកគេទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនឹងការលើកទឹកចិត្តចំពោះការចរចាកិច្ចព្រមព្រៀងព័ត៌មានដែលបានស្នើឡើងនេះ នឹងតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងបី បង់ពន្ធបន្ថែម ២,២៥% លើប្រាក់ចំណូលក្នុងស្រុករបស់ពួកគេ លុះត្រាតែពួកគេអាចសម្រេចបានកិច្ចព្រមព្រៀង ដោយប្រាក់ចំណូលនឹងត្រូវបញ្ជូនទៅកាន់ក្រុមហ៊ុនព័ត៌មាន ដើម្បីជំរុញវិស័យព័ត៌មានអូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្រ្តាលី លោកស្រី Anika Wells បានប្រាប់សន្និសីទសារព័ត៌មានថា ៖”ប្រជាជនកំពុងទទួលបានព័ត៌មានរបស់ពួកគេដោយផ្ទាល់ពីបណ្តាញសង្គម Facebook ពី TikTok និងពី Google ហើយយើងជឿថាវាយុត្តិធម៌ណាស់ដែលវេទិកាឌីជីថលធំៗរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់វិស័យសារព័ត៌មាន ដែលបង្កើនប្រសិទ្ធភាពនៃព័ត៌មានរបស់ពួកគេ និងជំរុញប្រាក់ចំណូលរបស់ពួកគេ”។

មិនតែប៉ុណ្ណោះ លោកស្រី Wells ក៏បានបន្ថែមទៀតថា វេទិកាទាំងនោះ គួរតែធ្វើកិច្ចព្រមព្រៀងជាមួយអង្គការព័ត៌មាន ហើយប្រសិនបើពួកគេសម្រេចចិត្តមិនធ្វើបែបនេះទេ នោះពួកគេនឹងបញ្ចប់ទៅដោយចំណាយកាន់តែច្រើន៕