អាមេរិក គ្រោងបញ្ចេញលិខិតឆ្លងដែនថ្មី មានរូបរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ

អន្តរជាតិ

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថាខ្លួននឹងបញ្ចេញលិខិតឆ្លងដែនថ្មីដែលមានរូបរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅលើផ្នែកខាងក្នុង ដើម្បីរំលឹកខួបលើកទី២៥០ នៃឯករាជ្យភាពរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងការបរទេសលោក Tommy Pigott បាននិយាយនៅថ្ងៃទី២៨ ខែមេសាថា ៖”សហរដ្ឋអាមេរិកនឹងប្រារព្ធទិវាឯករាជ្យជាតិលើកទី២៥០ នៅក្នុងខែកក្កដា ហើយយើងកំពុងរៀបចំចេញលិខិតឆ្លងដែនថ្មី ដែលការបោះពុម្ពមានកំណត់ និងត្រូវរចនាឡើងជាពិសេសដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ”។

យោងតាមលោក Pigott លិខិតឆ្លងដែនថ្មីនេះ នឹងមានរូបភាព និងការរចនាពិសេសមួយចំនួនផ្សេងទៀត ពាក់ព័ន្ធទៅនឹងលោក ត្រាំ ជាមួយនឹងហត្ថលេខារបស់គាត់ នៅផ្នែកខាងក្រោមផងដែរ។

ដោយឡែកអ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បាននិយាយថា ៖”ការរចនាលិខិតឆ្លងដែនស្នេហាជាតិថ្មីនេះ បានផ្តល់នូវវិធីដ៏ល្អមួយទៀតសម្រាប់ជនជាតិអាមេរិក ក្នុងការចូលរួមពិធីអបអរសាទរដ៏អស្ចារ្យបែបនេះ”។

ជម្រាបជូនថា នៅក្នុងខែមីនា ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានប្រកាសថា ខ្លួននឹងបន្ថែមហត្ថលេខារបស់លោក ត្រាំ ទៅក្នុងក្រដាសប្រាក់ផងដែរ។ នេះជាលើកដំបូងហើយដែលហត្ថលេខារបស់ប្រធានាធិបតីដែលកំពុងកាន់តំណែងបច្ចុប្បន្នត្រូវបានបោះពុម្ពលើរូបិយប័ណ្ណអាមេរិក។ ពីមុន មានតែលេខាធិការរតនាគារ និងអភិបាលរតនាគារប៉ុណ្ណោះដែលអាចចុះហត្ថលេខាបាន៕​