តម្លៃប្រេងឆៅពិភពលោក បន្តហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ

អន្តរជាតិ

តម្លៃប្រេងឆៅប្រភេទ Brent បច្ចុប្បន្នត្រូវបានគេរាយការណ៍ថាបានកើនឡើងតម្លៃដល់ ១២០ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលការរំពឹងទុកសម្រាប់ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តជាប់គាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតនៅត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៧% ដល់លើសពី ១២០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មក។ នេះបើយោងតាមក្រុមហ៊ុនទិន្នន័យ LSEG។

ដោយឡែកប្រេងឆៅប្រភេទ WTI របស់សហដ្ឋអាមេរិក ក៏បានកើនឡើងខ្ពស់ខ្លាំងផងដែរ ដល់តម្លៃ ១០៧,៧ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ។

ជម្រាបជូនថា​ ជុំវិញតម្លៃប្រេងឆៅកំពុងកើនឡើងយ៉ាងខ្លាំងនេះ ដោយសារតែការរំពឹងទុកសម្រាប់ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែជាប់គាំង ដែលបន្ថែមការព្រួយបារម្ភដល់វិនិយោគិន អំពីការរំខានរយៈពេលយូរចំពោះការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា។

ទន្ទឹមនឹងនេះ ទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបង្ហាញថា ស្តុកប្រេងឆៅ និងប្រេងឥន្ធនៈអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងជាងការរំពឹងទុកកាលពីសប្តាហ៍មុន ដែលបានដាក់សម្ពាធលើតម្លៃបន្ថែមទៀត៕​