អ៊ីរ៉ង់ ចំអកថាផែនការរំដោះកប៉ាល់ចេញពីច្រក Hormuz របស់សហរដ្ឋអាមេរិក គឺជាការបរាជ័យ

អន្តរជាតិ

អ៊ីរ៉ង់ បានអះអាងថាការផ្អាកគម្រោងរំដោះកប៉ាល់ចេញពីច្រកសមុទ្រ Hormuz ឬហៅថា “Freedom Project” របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជារឿងបរាជ័យ ដោយសារតែមានការប្រកាសជំហរដ៏តឹងរ៉ឹងពីទីក្រុងតេអេរ៉ង់ ហើយសហរដ្ឋអាមេរិក បានបរាជ័យក្នុងការសម្រេចគោលដៅដែលខ្លួនបានប្រកាសនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA បាននិយាយនៅថ្ងៃទី៦ ខែឧសភាថា ប្រធានាធិបតីអាមេរិក លោក ត្រាំ ត្រូវបានធ្វើការសម្រេចចិត្តជាថ្មីម្តងទៀតចំពោះប្រតិបត្តិការ “Freedom Project” របស់ខ្លួន ដោយសារតែជំហររបស់អ៊ីរ៉ង់។ ហើយផែនការជួយរំដោះកប៉ាល់ដែលកំពុងជាប់គាំងនៅច្រកសមុទ្រ Hormuz ដែលប្រកាសចេញដោយមេដឹកនាំអាមេរិករូបនេះ គឺត្រូវបានបរាជ័យដោយសារតែជំហរដ៏ម៉ឺងម៉ាត់របស់ទីក្រុងតេអេរ៉ង់។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ក៏បានរាយការណ៍អំពីចលនារបស់ប្រធានាធិបតីអាមេរិក នៅថ្ងៃដដែលនេះ ជាមួយនឹងចំណងជើងថា «លោក ត្រាំ ត្រូវតែដកថយ»។

គួរឲ្យដឹងថា របាយការណ៍ព័ត៌មានទាំងនេះ ត្រូវបានចេញផ្សាយប៉ុន្មានម៉ោង បន្ទាប់ពី លោក ត្រាំ បានប្រកាសពីការផ្អាកប្រតិបត្តិការ “Freedom Project” របស់ខ្លួន ដែលជាយុទ្ធនាការមួយដើម្បីជួយកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព និងមានគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការចរចា និងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយផងដែរថា អ៊ីរ៉ង់នៅតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា ប៉ុន្តែបានសង្កត់ធ្ងន់ថា ការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធអតិបរមាលើទីក្រុងតេអេរ៉ង់គឺរឿងមិនអាចទទួលយកបានឡើយ។

គួរជម្រាបជូនថា “Freedom Project” គឺជាយុទ្ធនាការមួយដើម្បីជួយនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែឧសភា។ ប៉ុន្តែទោះជាយ៉ាងណា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) អះអាងថាយុទ្ធនាការនេះ រំលោភលើបទឈប់បាញ់ ហើយបានសងសឹកដោយការដាក់ពង្រាយមីស៊ីលបញ្ជាទិស យន្តហោះគ្មានមនុស្សបើក (UAV) និងទូកអត្តឃាតដែលកំណត់គោលដៅនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz៕​