យោងតាមក្រសួងការបរទេសអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាថា គ្មានប្រទេសណាមួយគួរតែដាក់ថ្លៃលើកប៉ាល់ដែលធ្វើដំណើលើផ្លូវដឹកជញ្ជូនអន្តរជាតិនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី១២ ខែឧសភា ក្រសួងការបរទេសសហរដ្ឋអាេមរិក បានចេញផ្សាយព័ត៌មាននៃការហៅទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងសមភាគីចិន គឺលោក Wang Yi នៅចុងខែមេសា ដែលភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាចរាចរណ៍ និងការដឹកជញ្ជូននៅក្នុងច្រកសមុទ្រ Hormuz។
លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា មេដឹកនាំទាំងពីរបានឯកភាពគ្នាថា គ្មានប្រទេស ឬអង្គការណាមួយគួរត្រូវបានអនុញ្ញាតឱ្យគិតថ្លៃសម្រាប់ការឆ្លងកាត់ផ្លូវដឹកជញ្ជូនអន្តរជាតិដូចជាច្រកសមុទ្រ Hormuz នោះទេ។
ទន្ទឹមនឹងនេះ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក ក៏មិនបានបដិសេធចំពោះព័ត៌មាននេះផងដែរ ដោយបញ្ជាក់ថា ទីក្រុងប៉េកាំង សង្ឃឹមថាភាគីទាំងអស់អាចសហការគ្នាដើម្បីស្តារចរាចរណ៍ឲ្យមានសភាពធម្មតាឡើងវិញ តាមរយៈច្រកសមុទ្រដ៏សំខាន់មួយនេះ។
គួរជម្រាបជូនផងដែរថា ជុំវិញព័ត៌មាននេះ ត្រូវបានចេញផ្សាយមុនកិច្ចប្រជុំដ៏សំខាន់មួយរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅចុងសប្តាហ៍នេះ ដោយក្នុងនោះស្ថានភាពនៅច្រកសមុទ្រ Hormuz ត្រូវបានគេរំពឹងថានឹងក្លាយជារបៀបវារៈដ៏សំខាន់មួយ ដែលត្រូវលើកមកពិភាក្សា៕

