អារ៉ាប់រួម (UAE) ចង់បញ្ចប់គម្រោងសាងសង់បំពង់បង្ហូរប្រេងថ្មីមួយនៅឆ្នាំក្រោយ ដោយមានគោលបំណងបង្កើនសមត្ថភាពនាំចេញរបស់ខ្លួនទ្វេដងដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រ Hormuz ។

ព័ត៌មាននេះត្រូវបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយអាប៊ូដាប៊ីរបស់រដ្ឋាភិបាលអារ៉ាប់រួម ដែលបង្ហាញថា គម្រោងសាងសង់បំពង់បង្ហូរប្រេងថ្មី ឈ្មោះថា West-East នេះ មិនធ្លាប់ត្រូវបានបង្ហាញឲ្យដឹងមុនមកនោះឡើយ។
ព្រះអង្គម្ចាស់នៃទីក្រុងអាប៊ូដាប៊ី Sheikh Khaled bin Mohamed bin Zayed បានណែនាំក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី (ADNOC) ឲ្យពន្លឿនគម្រោងសាងសង់នេះ ដែលត្រូវបានគេរំពឹងថា នឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ។
អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz នៅចុងខែកុម្ភៈ បន្ទាប់ពីការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ផ្លូវទឹកនេះ គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកលនៃប្រេងឆៅមួយភាគប្រាំ។ ការរំខានដល់ដែនសមុទ្រដែលកើតឡើងដោយជម្លោះនេះ បានជំរុញឱ្យតម្លៃថាមពលកើនឡើងខ្ពស់ និងបណ្តាលឲ្យមានវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេសជាច្រើន រួមជាមួយនឹងការព្រួយបារម្ភអំពីអតិផរណា និងវិបត្តិសេដ្ឋកិច្ច ផងដែរ។
យ៉ាងណាមិញ សម្រាប់បំពង់បង្ហូរប្រេងថ្មីនឹងជួយ UAE មិនចាំបាច់ត្រូវពឹងផ្អែកលើច្រកសមុទ្រនេះនោះឡើយ។ នេះគឺជាបំពង់បង្ហូរប្រេងទីពីររបស់អារ៉ាប់រួម បន្ទាប់ពីបំពង់ Habshan-Fujairah។ នៅពេលសាងសង់រួចរាល់វាត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពនាំចេញរបស់អារ៉ាប់រួម ទ្វេដងដល់ ៣,៦ លានបារ៉ែលក្នុងមួយថ្ងៃ។
គួរជម្រាបជូនផងដែរថា នៅមជ្ឈិមបូព៌ា អារ៉ាប់រូម គឺជាប្រទេសទីពីរដែលអាចពឹងផ្អែកលើវិធីសាស្រ្តនាំចេញប្រេងតាមបំពង់បង្ហូរបែបនេះ ក្រៅតែពីប្រទេសអារ៉ាប៊ីសាអូឌីត៕

