ជនរងគ្រោះដែលជាអ្នកជំនួញម្នាក់ ត្រូវបានគេបោកប្រាស់អស់ជិត ៤លានដុល្លារ បន្ទាប់ពីត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទវីដេអូតាមអនឡាញក្លែងក្លាយមួយ ដែលនិយាយអំពីស្ថានភាពនៅច្រកសមុទ្រ Hormuz ដោយក្នុងនោះរួមមាននាយករដ្ឋមន្ត្រីសិង្ហបុរីក្លែងក្លាយផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមប៉ូលីសសិង្ហបុរី កាលពីពេលថ្មីៗនេះបានព្រមានអំពីការបោកប្រាស់ដែលផ្តោតលើអ្នកជំនួញដែលធ្លាប់បានដោះស្រាយជាមួយមន្ត្រីរដ្ឋាភិបាលសិង្ហបុរី។ ជនរងគ្រោះម្នាក់ត្រូវបានគេបោកប្រាស់អស់ ៤,៩លានដុល្លារសិង្ហបុរី (៣,៨លានដុល្លារអាមេរិក) បន្ទាប់ពីទទួលបានសារ WhatsApp ដែលមានរូបភាពរបស់លេខាធិការគណៈរដ្ឋមន្ត្រី លោក Wong Hong Kuan។
ក្រុមបោកប្រាស់បានស្នើសុំឱ្យអ្នកជំនួញរូបនោះ ចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ហើយសន្យាថានឹងផ្តល់ជូនអ៊ីមែលពីខាងលេខាធិការគណៈរដ្ឋមន្ត្រី ទាក់ទងនឹងជំនួយហិរញ្ញវត្ថុបន្ទាន់សម្រាប់រដ្ឋាភិបាល ដោយសារតែស្ថានភាពនៅក្នុងច្រកសមុទ្រ Hormuz។
បន្ទាប់ពីកិច្ចប្រជុំ ក្រុមបោកប្រាស់ម្នាក់ដែលក្លែងខ្លួនជាមេធាវីបានទាក់ទងជនរងគ្រោះជាឯកជនដើម្បីបញ្ចុះបញ្ចូលឲ្យផ្ទេរប្រាក់។ ជនរងគ្រោះបានផ្ទេរប្រាក់រាប់លានដុល្លារតាមរយៈប្រតិបត្តិការជាបន្តបន្ទាប់ទៅកាន់គណនីអាជីវកម្មដែលផ្តល់ដោយក្រុមបោកប្រាស់។ បន្ទាប់ពីផ្ទេរប្រាក់ ជនរងគ្រោះមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតី ហើយបានទាក់ទងលេខាធិការគណៈរដ្ឋមន្ត្រីភ្លាមៗ។ នៅពេលនោះហើយដែលគាត់បានរកឃើញថាគាត់ត្រូវបានគេបោកប្រាស់។
យោងតាមប៉ូលីសសិង្ហបុរី បានប្រកាសនៅថ្ងៃទី១៦ ខែឧសភាថា ពួកគេបានទទួលវីដេអូនៃកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត Zoom ដែលទាក់ទងនឹងការបោកប្រាស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងទាំងស្រុងដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបភាព និងសំឡេងក្លែងក្លាយដែលមើលទៅដូចជាពិត (deepfake)៕

