ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមជាមួយកូនប្រុសពីរនាក់របស់លោក និងក្រុមហ៊ុន Trump Organization បានសម្រេចដកពាក្យបណ្តឹងរបស់ពួកគេដែលទាមទារសំណងចំនួន ១០ពាន់លានដុល្លារ ពីទីភ្នាក់ងារប្រមូលពន្ធអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ឯកសារតុលាការដែលបានដាក់នៅថ្ងៃទី១៨ ខែឧសភាបង្ហាញថា លោក ត្រាំ រួមជាមួយកូនប្រុសពីរនាក់របស់លោក គឺ Donald Trump Jr. និង Eric Trump និងក្រុមហ៊ុន Trump Organization បានដកបណ្តឹងរបស់ពួកគេដោយស្ម័គ្រចិត្តប្រឆាំងនឹងទីភ្នាក់ងារប្រមូលពន្ធ (IRS) ជុំវិញការធ្វើឲ្យលេចធ្លាយកំណត់ត្រាប្រកាសពន្ធរបស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។
គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ លោក ត្រាំ រួមជាមួយកូនប្រុសពីរនាក់របស់លោក និងក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង IRS និងក្រសួងរតនាគារសហរដ្ឋអាមេរិក ដោយស្វែងរកសំណងចំនួន ១០ពាន់លានដុល្លារ បន្ទាប់ពីអតីតមន្ត្រីកិច្ចសន្យា IRS លោក Charles Littlejohn បានធ្វើឲ្យលេចធ្លាយកំណត់ត្រាពន្ធរបស់លោក ត្រាំ និងកំណត់ត្រាពន្ធរាប់ពាន់នាក់ផ្សេងទៀត នៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២០ ដល់សារព័ត៌មាន។
យ៉ាងណាមិញ ជុំវិញការផ្លាស់ប្តូរដើម្បីដកពាក្យបណ្តឹងនេះ បានកើតឡើងបន្ទាប់ពីមេធាវីរបស់លោកប្រធានាធិបតី ត្រាំ បានស្នើសុំចៅក្រមកាលពីខែមេសាឲ្យពន្យារពេលសវនាការរយៈពេល ៩០ថ្ងៃ ដើម្បីពិភាក្សាអំពីការដោះស្រាយជាមួយ IRS ដោយផ្ទាល់៕

