សហរដ្ឋអាមេរិក ត្រៀមដកទ័ពចេញពីប្រទេសសម្ព័ន្ធមិត្តណាតូ ចំពេលមានភាពចម្រូងចម្រាស់

អន្តរជាតិ

យោងតាមមេបញ្ជាការកំពូលរបស់អង្គការណាតូនៅអឺរ៉ុប បាននិយាយថា សហរដ្ឋអាមេរិក កំពុងត្រៀមធ្វើចលនាដកកងទ័ពរបស់ខ្លួនបន្ថែមទៀតចេញពីប្រទេសសម្ព័ន្ធមិត្ត ពោលគឺស្រដៀងគ្នាទៅនឹងការសម្រេចចិត្តដក់ទាហានចំនួន ៥ ០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Alexus Grynkewich មេបញ្ជាការកំពូលរបស់ណាតូនៅអឺរ៉ុប បាននិយាយក្នុងពេលថ្មីៗនេះថា ៖”នៅពេលដែលសម្ព័ន្ធមិត្តបង្កើនសមត្ថភាពរបស់ពួកគេ សហរដ្ឋអាមេរិកអាចដកទ័ព និងដាក់ពង្រាយពួកគេទៅកាន់ប្រទេសអាទិភាពផ្សេងទៀត។ យើងនឹងឃើញការសម្រេចចិត្តជាច្រើនទៀតក្នុងការដាក់ពង្រាយកងកម្លាំងអាមេរិកឡើងវិញ ក្នុងរយៈពេលខាងមុខ”។

យ៉ាងណាមិញ លោក Grynkewich បានបន្ថែមថា ការដាក់ពង្រាយកងកម្លាំងអាមេរិកឡើងវិញនៅក្នុងសម្ព័ន្ធមិត្តណាតូអាចកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែមិនអាចបង្ហាញពីពេលវេលាជាក់លាក់ណាមួយនៅឡើយបានទេ។

គួរឲ្យដឹងថា ការសម្រេចចិត្តដកកងទ័ពនេះ​ត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក បន្ទាប់ពីការមិនចុះសម្រុងគ្នារវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងអធិការបតីអាល្លឺម៉ង់ ហ្វ្រីឌ្រីក មឺស ជុំវិញជម្លោះអ៊ីរ៉ង់។ រដ្ឋបាលលោក ត្រាំ បានបង្ហាញសញ្ញាជាយូរមកហើយថា សហរដ្ឋអាមេរិកចង់កាត់បន្ថយវត្តមានយោធារបស់ខ្លួននៅអឺរ៉ុប ដើម្បីផ្តោតលើការដោះស្រាយការគំរាមកំហែងនៅកន្លែងផ្សេងទៀតនៅក្នុងតំបន់។

ជម្រាបជូនផងដែរថា បើទោះបីជាសមាជិកណាតូនៅអឺរ៉ុបបានព្យាយាមបន្ថយផលប៉ះពាល់នៃការសម្រេចចិត្តនៃការដកទ័ពនេះក៏ដោយ ប៉ុន្តែវាក៏បានបង្កើនការព្រួយបារម្ភជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តនៅក្នុងអង្គការដ៏ធំមួយនេះ៕​