មហាសេដ្ឋីឥណ្ឌូណេស៊ី Ramlie ចាយលុយជិត ៤ពាន់លានដុល្លារ ទិញអណ្តូងរ៉ែធ្យូងថ្មនៅអូស្រ្តាលី​

អន្តរជាតិ

ក្រុមហ៊ុន Dhilmar ដែលគាំទ្រដោយមហាសេដ្ឋីលំដាប់កំពូលឥណ្ឌូណេស៊ី​ លោក Alexander Ramlie បានចុះកិច្ចព្រមព្រៀងទិញយកអណ្តូងរ៉ែធ្យូងថ្ម Anglo American របស់ប្រទេសអូស្ត្រាលី ក្នុងតម្លៃរហូតដល់ ៣,៩ពាន់លានដុល្លារអាមេរិក ខណៈដែលតម្រូវការធ្យូងថ្មសម្រាប់ផលិតដែកថែបកើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី VN Express បានបង្ហាញថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Dhilmar ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនឹងត្រូវបង់ ២,៣ពាន់លានដុល្លារជាសាច់ប្រាក់ នៅពេលបញ្ចប់ប្រតិបត្តិការនៅត្រីមាសទីមួយនៃឆ្នាំ២០២៧ ជាមួយនឹងការទូទាត់បន្ថែមរហូតដល់ ១,៦ពាន់លានដុល្លារ នៅរយៈពេល ៥ឆ្នាំបន្ទាប់។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនអណ្តូងរ៉ែ Anglo American មានអតិថិជននៅទូទាំងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិកខាងត្បូង។ ក្រុមហ៊ុននេះដំណើរការអណ្តូងរ៉ែសរុបចំនួនប្រាំដែលបានផលិតធ្យូងថ្ម ចំនួន ៨,២ លានតោនកាលពីឆ្នាំមុន។ ប្រតិបត្តិការធំបំផុតពីររបស់ខ្លួនគឺ អណ្តូងរ៉ែ Moranbah North និងអណ្តូងរ៉ែ Grosvenor មានទីតាំងនៅរដ្ឋ Queensland ប្រទេសអូស្ត្រាលី។

ជម្រាបជូនថា លោក Ramlie បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៤ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី។ លោកបម្រើការជានាយកប្រតិបត្តិរបស់ Dhilmar ដែលធ្លាប់បានទិញអណ្តូងរ៉ែមាស Eleonore នៅប្រទេសកាណាដាពីក្រុមហ៊ុនផលិតមាសរបស់សហរដ្ឋអាមេរិក Newmont ក្នុងតម្លៃ ជិត ៨០០លានដុល្លា កាលពីឆ្នាំមុន ផងដែរ៕​