អ៊ីរ៉ង់ និយាយថាសហរដ្ឋអាមេរិកយល់ព្រមបញ្ចេញលុយបង្កកចំនួន ១២ពាន់លានដុល្លារ របស់ខ្លួន

អន្តរជាតិ

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា សហរដ្ឋអាមេរិក បានចេញគំរូកិច្ចព្រមព្រៀងមួយ ដែលរួមបញ្ចូលទាំងការបញ្ចេញទ្រព្យបង្កកចំនួន ១២ពាន់លានដុល្លារទៅឲ្យទីក្រុងតេអេរ៉ង់ ជាផ្នែកមួយនៃការដោះស្រាយបញ្ចប់ជម្លោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃទី៣០ ខែឧសភាថា ៖”សហរដ្ឋអាមេរិកបានប្តេជ្ញាផ្តល់ឱ្យអ៊ីរ៉ង់នូវសិទ្ធិចូលប្រើប្រាស់ទ្រព្យសម្បត្តិបង្កកចំនួន ១២ពាន់លានដុល្លារក្នុងរយៈពេល ៦០ ថ្ងៃ ដូច្នេះប្រាក់នេះអាចត្រូវបានផ្ទេរទៅ និងប្រើប្រាស់នៅធនាគារដែលកំណត់ដោយអ៊ីរ៉ង់ដោយគ្មានការរឹតបន្តឹងណាមួយឡើយ”។

កាលពីដើមសប្តាហ៍នេះ ប្រភពមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អភិបាលធនាគារកណ្តាលអ៊ីរ៉ង់គឺជាផ្នែកមួយនៃគណៈប្រតិភូដែលធ្វើដំណើរទៅកាន់ប្រទេសកាតាដើម្បីពិភាក្សាអំពីមូលនិធិបង្កក ដែលត្រូវបានលើកឡើងនៅក្នុងអនុស្សរណៈជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយដែលអាចកើតមាន ជាមួយសហរដ្ឋអាមេរិក។

ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលមានចំនួនសរុបចន្លោះពី ១០០ពាន់លានដុល្លារ ទៅ ១២៣ពាន់លានដុល្លារ ត្រូវបានបង្កកនៅបរទេស ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ទីក្រុងតេអេរ៉ង់បានស្នើសុំជាយូរមកហើយឲ្យបញ្ចេញទ្រព្យសម្បត្តិបង្កកទាំងនេះ ដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ចក្នុងស្រុក។

ប្រភពព័ត៌មាននៅអាមេរិកបានប្រាប់ AFP ទៀតថា កិច្ចព្រមព្រៀងនេះកំពុងរង់ចាំការចុះហត្ថលេខារបស់លោក ត្រាំ ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ មិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ បន្ទាប់ពីកិច្ចប្រជុំនៅក្នុងបន្ទប់ Situation Room នៅថ្ងៃទី២៩ ខែឧសភា។ លោក ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខាតែលើកិច្ចព្រមព្រៀងដែលផ្តល់អត្ថប្រយោជន៍ដល់សហរដ្ឋអាមេរិក និង “បំពេញតាមបន្ទាត់ក្រហមរបស់លោក” ប៉ុណ្ណោះ៕​