សារមន្ទីរបារាំង បានប្រកាសថាចេកបិទស្កុតជាប់នឹងជញ្ជាំង ដែលជាស្នាដៃសិល្បៈដ៏ល្បីលាញមួយ មានឈ្មោះថា “Comedian” ដែលមានតម្លៃដល់ទៅរាប់លានដុល្លារ ត្រូវបានចោរលួចយកទៅបាត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅថ្ងៃទី៣១ ខែឧសភា សារមន្ទីរ Pompidou-Metz នៅភាគខាងកើតប្រទេសបារាំង បានដាក់របាយការណ៍ទៅកាន់ប៉ូលីស ទាក់ទងនឹងការលួចចេកបិទជាប់លើជញ្ជាំង ដែលត្រូវបានគេស្គាល់ថាជាស្នាដៃសិល្បៈ “Comedian” ដ៏ល្បីល្បាញ បង្កើតឡើងដោយវិចិត្រករអ៊ីតាលី លោក Maurizio Cattelan ដែលមានតម្លៃរហូតដល់រាប់លានដុល្លារឯណោះ ។
យ៉ាងណាមិញ ក្រោយកើតហេតុការនេះ ខាងសារមន្ទីរ បានយកផ្លែចេកថ្មីមួយទៀត ទៅបិទជំនួសវិញភ្លាមៗផងដែរ។ មែនទែនទៅនេះមិនមែនជាលើកទីមួយនោះឡើយ ដែលស្នាដៃសិល្បៈប្លែកខុសគេមួយនេះ ត្រូវបានជួបប្រទះទៅនឹងការលួចបែបនេះ។
គួរឲ្យដឹងថា ស្នាដៃ “Comedian” នេះ បានបង្ហាញខ្លួនជាលើកដំបូងនៅឯពិព័រណ៍ Art Basel ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ ជាមួយនឹងការដាក់ដេញថ្លៃមួយ ដោយតម្លៃចាប់ផ្តើម ១២០ ០០០ដុល្លារ។ ស្នាដៃនេះបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ទាក់ទងនឹងគំនិតសិល្បៈ និងតម្លៃរបស់វា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្លៃនៃស្នាដៃសិល្បៈមួយនេះ បានបន្តកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំបន្តបន្ទាប់។ ដោយនៅឆ្នាំ២០២៤ អ្នកជំនួញជនជាតិចិន-អាមេរិក Justin Sun បានចំណាយប្រាក់ជាង ៦លានដុល្លារដើម្បីទិញស្នាដៃសិល្បៈនេះផ្តាច់មុខ បន្ទាប់មកបានហូបចេកនេះ នៅមុខកាមេរ៉ា នៅទីក្រុងហុងកុង ដែលបង្ករឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

