ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Dell លោក Michael Dell បានក្លាយជាអ្នកមានបំផុតដាច់គេទី៦ របស់ពិភពលោក បន្ទាប់ពីកើបបានលុយ ៣៥,៨ពាន់លានដុល្លារ ត្រឹមរយៈពេលតែមួយថ្ងៃ ក្រោយការហក់ឡើងខ្ពស់នៃភាគហ៊ុនក្រុមហ៊ុនរបស់លោក។

យោងតាម Forbes បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់លោក Michael Dell បានកើនឡើងដល់ ២៤៥,៩ពាន់លានដុល្លារ ដោយវ៉ាដាច់នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២១៥ពាន់លានដុល្លារ។
ជុំវិញការផ្លាស់ប្តូរចំណាត់ថ្នាក់របស់លោក Michael Dell នៅក្នុងបញ្ជីឈ្មោះអ្នកមានបំផុតនេះ បានកើតឡើងបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies បានកើនឡើងជាង ៣២% ដែលជាកម្រិតខ្ពស់បំផុត បើធៀបទៅនឹងកំណត់ត្រារបស់ក្រុមហ៊ុន ដែលធ្លាប់កើនឡើងជាង ៣១% នៅក្នុងឆ្នាំ២០២៤។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Dell Technologies ដែលត្រូវបានបង្កើតឡើងដោយលោក Michael Dell ក្នុងឆ្នាំ១៩៨៤ បច្ចុប្បន្នកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងពីការកើននៃបច្ចេកវិទ្យា AI ខណៈពេលដែលបណ្តាក្រុមហ៊ុនធំៗ កំពុងប្រណាំងប្រជែង ដើម្បីពង្រឹងសមត្ថភាពកុំព្យូទ័ររបស់ខ្លួន៕

