តម្លៃប្រេងឆៅអន្តរជាតិបន្តកើនឡើងជាង ១% នៅក្នុងការជួញដូរដំបូងគិតនៅត្រឹមថ្ងៃទី៣ មិថុនា ខណៈពេលជម្លោះនៅជម្ឈិមបូព៌ាបន្តផ្ទះឡើងជាងថ្មី ដោយអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើប្រទេសគុយវ៉ែត និងបារ៉ែន ស្របពេលកិច្ចចរចាការទូតជាមួយសហរដ្ឋអាមេរិកហាក់កំពុងជាប់គាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,០៥ដុល្លារ ឬ ១,០៩% ដល់ ៩៧,០៥ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ១,០១% ឬ ១,០៨% ដល់ ៩៤,៧៧ដុល្លារក្នុងមួយបារ៉ែល។
ជុំវិញការកើនឡើងនៃតម្លៃប្រេងឆៅដ៏សំខាន់ទាំងនេះ បានកើតឡើង បន្ទាប់ពីយោធាសហរដ្ឋអាមេរិក បាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងទៅកាន់ប្រទេសជិតខាងក្នុងតំបន់គឺគុយវ៉ែត និងបារ៉ែន ប៉ុន្តែមិនបានវាយប្រហារចំគោលដៅនោះទេ ដោយបន្ថែមថាកងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើកោះ Qeshm របស់អ៊ីរ៉ង់វិញ ដើម្បីឆ្លើយតប។
យ៉ាងណាមិញ ទីផ្សារថាមពលពិភពលោក ក៏កំពុងរង់ចាំព័ត៌មានបន្ថែមទៀត អំពីសង្គ្រាមអ៊ីរ៉ង់ ដោយទីក្រុងតេអេរ៉ង់កំពុងពិនិត្យមើលកិច្ចព្រមព្រៀងដែលបានស្នើឡើងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ជម្លោះ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារថា អ៊ីរ៉ង់មិនបានធ្វើទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនអស់រយៈពេលពីរបីថ្ងៃមកហើយ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការចរចានៅតែបន្តក៏ដោយ៕

