លោក ត្រាំ មួម៉ៅដើរចេញពីបទសម្ភាសមួយភ្លាមៗ បន្ទាប់ពីទាស់ទែងពាក្យសម្តីខ្លាំងៗ ជាមួយពិធីការិនី

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានដើរចេញពីបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC ភ្លាមៗ បន្ទាប់ពីមានការឈ្មោះប្រកែកគ្នាខ្លាំងៗ អំពីការចោទប្រកាន់ពាក់ព័ន្ធទៅនឹងការក្លែងបន្លំការបោះឆ្នោតប្រឆាំងទៅនឹងគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញជម្លោះតឹងសរសៃកដាក់គ្នានេះ កើតឡើងនៅក្នុងបទសម្ភាសរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងពិធីការិនីរបស់ NBC អ្នកនាង Kristen Welker ដែលត្រូវបានថតទុកតាំងពីថ្ងៃទី៥ ខែមិថុនា នៅកសិដ្ឋានមួយក្នុងរដ្ឋ Wisconsin ហើយត្រូវបានយកមកចាក់ផ្សាយនៅថ្ងៃទី៧ ខែមិថុនាថ្មីៗនះ។

នៅក្នុងនាទីចុងក្រោយនៃបទសម្ភាសនោះ បរិយាកាសកាន់តែតានតឹង ខណៈពេលដែលអ្នកនាង Welker បានទាមទារម្តងហើយម្តងទៀតឲ្យប្រធានាធិបតីអាមេរិករូបនេះ ផ្តល់ភស្តុតាងសម្រាប់ការអះអាងថ្មីៗនេះរបស់លោកថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ និងការបោះឆ្នោតបឋមនៅរដ្ឋ California កាលពីពេលថ្មីៗនេះត្រូវបានគេក្លែងបន្លំ។

លោក ត្រាំ បានអះអាងថាការរាប់សន្លឹកឆ្នោតដែលមានរយៈពេលយូរនៅរដ្ឋ California គឺជាភាពមិនប្រក្រតី។ ហើយនៅពេលដែលអ្នកសម្ភាស បានតបតថានេះជានីតិវិធីរដ្ឋធម្មតា គាត់នៅតែបន្តអះអាងថាការបោះឆ្នោតនេះមានបញ្ហា ប៉ុន្តែមិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយនោះទេ។

ពេលនោះហើយ បានធ្វើឲ្យលោក ត្រាំ មានអារម្មណ៍មួម៉ៅខ្លាំង ហើយបានងើបចេញពីកន្លែងថតភ្លាមៗ និងក្រោយមកប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានរិះគន់លើ NBC ជាប្រព័ន្ធផ្សព្វផ្សាយដែលមានភាពលំអៀង និងមិនឈ្មោះត្រង់ ផងដែរ។

ប៉ុន្តែទោជាយ៉ាងណាក៏ដោយ បន្ទាប់ពីការសម្ភាសនោះ លោក ត្រាំ បានចូលរួមក្នុងការពិភាក្សាផ្សេងទៀតជាក្រុមកសិករនៅរដ្ឋ Wisconsin។ នៅទីនោះ លោកបានចេញមុខបកស្រាយជុំវិញភាពចម្រូងចម្រាសជាមួយ NBC វិញថា ដោយសារតែបញ្ហាអាកាសធាតុ អាចជាមូលហេតុដែលធ្វើឲ្យលោកខឹងសម្បារខ្លាំងបែបនេះ៕​