ប្រទេសវៀតណាម បានចំណាយទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារ ក្នុងការនាំចូលត្បូង និងលោហធាតុមានតម្លៃ រួមជាមួយផលិតផលពាក់ព័ន្ធផ្សេងទៀត ក្នងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ពោលគឺបានកើនឡើង ២៨៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងទៅតាមទិន្នន័យពីនាយកដ្ឋានគយ បានបង្ហាញថា ត្បូង និងលោហធាតុមានតម្លៃទាំងនេះ គឺជាទំនិញដែលមានការរីកចម្រើនលឿនបំផុត ក្នុងចំណោមទំនិញសំខាន់ៗផ្សេងទៀតរបស់ប្រទេសវៀតណាម។
ទន្ទឹមនឹងនេះ អាជីវកម្ម និងសមាគមឧស្សាហកម្មមាស បានអំពាវនាវឱ្យរដ្ឋាភិបាលបន្ធូរបន្ថយបទប្បញ្ញត្តិលើការនាំចូលមាសឆៅ ដោយនិយាយថា ប្រភពក្នុងស្រុកមិនគ្រប់គ្រាន់ ដើម្បីអាចបំពេញតម្រូវការគ្រឿងអលង្ការនោះទេ។
មិនតែប៉ុណ្នោះ សមាគមពាណិជ្ជករមាសវៀតណាម បានស្នើឱ្យអាជីវកម្មធំៗនាំចូលមាសចំនួន ៥០ តោនជារៀងរាល់ឆ្នាំដោយគ្មានពន្ធ ដើម្បីជំរុញការផលិតគ្រឿងអលង្ការសម្រាប់នាំចេញទៅវិញ។
យ៉ាងណាមិញ ការនាំចូលទំនិញសរុបរបស់វៀតណាម បានកើនឡើងជិត ៣១% ធៀបទៅនឹងឆ្នាំមុន ដល់ ២២៩,៥ពាន់លានដុល្លារ ដោយក្នុងនោះ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិច និងគ្រឿងបន្លាស់ មានចំនួនច្រើនជាងគេ ដោយកើនឡើង ៥៧,១% ដល់ ៨៨,២ពាន់លានដុល្លារ៕

