ក្រុមហ៊ុនខ្នាតយក្សអ៊ីតាលី Eni និង Petronas បណ្តាក់ទុនរកស៊ីរួមគ្នាលើវិស័យថាមពល នៅអាស៊ីអាគ្នេយ៍

អន្តរជាតិ

ក្រុមហ៊ុន Eni របស់ប្រទេសអ៊ីតាលី និងក្រុមហ៊ុន Petronas របស់ប្រទេសម៉ាឡេស៊ី បានសម្រេចបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីមួយ ដោយបែងចែកភាគហ៊ុនម្នាក់ពាក់កណ្តាល លើអាជីវកម្មថាមពលនៅទូតាំងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគមួយ កាលពីខែវិច្ឆិកាឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តផ្កាយរណបរបស់ក្រុមហ៊ុន Eni ដើម្បីបំបែកទ្រព្យសកម្មជាក់លាក់ និងអភិវឌ្ឍវាដោយឡែកពីគ្នា ដោយមានជំនួយពីដៃគូអាជីវកម្មរបស់ខ្លួន។

យ៉ាងណាមិញ​ ក្រុមហ៊ុនថ្មីដែលមានឈ្មោះថា Search នឹងចាប់ផ្តើមពីមូលដ្ឋានផលិតកម្មដំបូងជាង ៣០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ និងបង្កើនដល់ ៥០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ សម្រាប់រយៈពេលបីឆ្នាំខាងមុខ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ ក៏នឹងកាន់កាប់ផលប័ត្រទ្រព្យសកម្មផលិត និងអភិវឌ្ឍឧស្ម័នចំនួន ១៩ ផងដែរ ដោយក្នុងនោះ ១៤ កន្លែងនៅឥណ្ឌូណេស៊ី និង ៥ កន្លែងនៅម៉ាឡេស៊ី។

យោងតាម លោក Claudio Descalzi នាយកប្រតិបត្តិក្រុមហ៊ុន Eni បានមានប្រសាសន៍ថា ៖”Searah គឺជាអង្គភាពថ្មីដ៏រឹងមាំមួយនៅអាស៊ីអាគ្នេយ៍ ដោយរួមបញ្ចូលគ្នានូវជំនាញរបស់យើង ជាមួយក្រុមហ៊ុន Petronas ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានថាមពលនៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការការពារបរិស្ថាន និងកំណើនក្នុងស្រុក”។

គួរជម្រាបជូនផងដែរថា ជុំវិញការណ្តាក់ទុនរួមគ្នាបង្កើតក្រុមហ៊ុន Searah ថ្មីនេះ មានដើមទុនវិនិយោគសរុបប្រមាណ ២០ពាន់លានដុល្លារ៕​