បុត្រីច្បងស្តេចថៃ សោយទិវង្គតហើយ ក្រោយដួលសន្លប់អស់រយៈពេល ៣ឆ្នាំ

អន្តរជាតិ

ព្រះនាង Bajrakitiyabha ដែលជាបុត្រីច្បងរបស់ស្តេចថៃ Maha ⁠Vajiralongkorn បានសោទិវង្គតហើយ នៅក្នុងព្រះជន្ម ៤៧វស្សា បន្ទាប់ពីបានដួលសន្លប់អស់រយៈពេល ៣ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការណ៍មួយពីព្រះបរមរាជវាំងថៃ បានរាយការណ៍ថា ព្រះនាង Bajrakitiyabha បានសោយទិវង្គតនៅម៉ោង ៧:៤៨នាទីយប់ ថ្ងៃទី១១ ខែមិថុនា នៅមន្ទីរពេទ្យជូឡាឡុងកនក្នុងទីក្រុងបាងកក។ រាជវង្សានុវង្សបាននិយាយថា ក្រុមគ្រូពេទ្យបានអនុវត្តការព្យាបាល និងការថែទាំដ៏ល្អបំផុត ប៉ុន្តែស្ថានភាពរបស់ព្រះនាងកាន់តែអាក្រក់ទៅៗដោយសារតែផលវិបាកនៃការឆ្លងមេរោគ។

គួរឲ្យដឹងថា ព្រះនាង Bajrakitiyabha បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខែធ្នូ ឆ្នាំ២០២២ ខណៈពេលកំពុងហ្វឹកហាត់សត្វឆ្កែសម្រាប់ការប្រកួតយោធា។ គ្រូពេទ្យបានកំណត់ថាមូលហេតុដែលបណ្តាលឲ្យដាច់សរសៃឈាមនេះ គឺដោយសារចង្វាក់បេះដូងលោតញាប់ខ្លាំងពេក ជុំវិញការឆ្លងមេរោគដល់បេះដូង។ ហើយព្រះនាងបានសន្លប់លែងដឹងព្រះកាយចាប់តាំងពីពេលនោះមក។

ជម្រាបជូនថា ដោយប្រសូតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៧៨ ព្រះនាង Bajrakitiyabha គឺជាបុត្រីច្បងក្នុងចំណោមបុត្រទាំងប្រាំពីរនាក់របស់ព្រះមហាក្សត្រថៃ Maha ⁠Vajiralongkorn ។ ព្រះនាងជាបុត្រីតែមួយគត់របស់ព្រះអង្គ ជាមួយភរិយាដំបូងរបស់ព្រះអង្គ គឺព្រះនាង Soamsawali៕​