មកស្គាល់ប្រវត្តិ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងប្រៃសណីយ៍អន្តរជាតិ Asendia ទើបសហការជាមួយ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ

អន្តរជាតិ

Asendia គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់ពិភពលោកក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងប្រៃសណីយ៍អន្តរជាតិ ដោយដឹកទំនិញ និងឯកសារទៅកាន់គោលដៅជាង ២០០ កន្លែងនៅទូទាំងពិភពលោក។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Asendia ត្រូវបានបង្កើតឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន La Poste របស់បារាំង និងក្រុមហ៊ុន Swiss Post របស់ប្រទេសស្វីស ដោយក្រុមហ៊ុននេះ ដំណើរការទូទាំងពិភពលោកក្រោមម៉ាកយីហោ “Asendia” ដែលមានទីតាំងការិយាល័យចំនួន ៣២ នៅក្នុងប្រទេសចំនួន ១៦ និងមានទីស្នាក់ការកណ្តាលបច្ចុប្បន្ន នៅទីក្រុងបារីស ប្រទេសបារាំង និងទីក្រុង Bern ប្រទេសស្វីស។

គួរឲ្យដឹងទៀតថា Asendia ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមានជំនាញខ្លាំងខាងពាណិជ្ជគម្មអេឡិចត្រូនិកអន្តរជាតិ និងភស្តុភារកម្មប្រៃសណីយ៍ដ៏ទូលំទូលាយ ដែលគ្រប់គ្រងលើការដឹងជញ្ជូន គយ វេចខ្ចប់ទំនិញ និងការផ្ញើទំនិញត្រលប់មកវិញ។ 

ក្រុមហ៊ុន Asendia រក្សាវត្តមានរបស់ពួកគេ នៅទ្វីបអឺរ៉ុប អូសេអានី អាស៊ី និងអាមេរិកខាងជើងតាមរយៈបណ្តាញការិយាល័យចំនួន ៣២ របស់ខ្លួន ក្នុងប្រទេសចំនួន ១៦ ដោយក្នុងនោះរួមមានអូស្ត្រាលី អូទ្រីស បែលហ្ស៊ិក ចិន ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវេស សិង្ហបុរី អេស្ប៉ាញ ស៊ុយអែត ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

គួរជម្រាបជូនផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនវិរៈ ប៊ុនថាំ ដែលជាប្រតិបត្តិករដឹកជញ្ជូន ឈានមុខគេមួយ​នៅ​កម្ពុជា​ បានប្រកាសតែងតាំងក្រុមហ៊ុន Asendia Singapore ជាអ្នកផ្ដល់សេវាដឹកជញ្ជូនឆ្លងដែនរបស់ខ្លួន ក្រោមកិច្ចសហការពាណិជ្ជកម្ម សំដៅពង្រឹងសមត្ថភាពដឹកជញ្ជូនទៅអន្តរជាតិរបស់កម្ពុជា។ 

ពិធីដ៏ធំនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ គ្រុប និងលោក Senthil Kumar នាយកប្រតិបត្តិក្រុមហ៊ុន Asendia ប្រចាំនៅប្រទេសសិង្ហបុរី និងអាស៊ីខាងត្បូង៕