យោងតាមការសិក្សាថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ហុងកុង បានកាត់ត្រាអំពីអត្រាកើនឡើងលឿនបំផុតនៃពលរដ្ឋដែលមានចំនួនទ្រព្យសម្បត្តិច្រើន កាលពីឆ្នាំមុន ដោយវ៉ាដាច់ទីក្រុងកំពូលៗដូចជា ទីក្រុងឡុងដ៍ ញូវយ៉ក និងតូក្យូជាដើម។

យោងតាមក្រុមហ៊ុនទិន្នន័យ Altrata ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក បានបង្ហាញឲ្យដឹងថា ហុងកុង មានចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិសរុប ៣០លានដុល្លារ ឬខ្ពស់ជាងនេះ បានកើនឡើង ២៦,៤% ក្នុងឆ្នាំ២០២៥ ដល់ ១៨ ២៩០ នាក់។
ការកើនឡើងនេះគឺខ្ពស់បំផុតក្នុងចំណោមទីក្រុងកំពូលទាំង១០ លើពិភពលោកដែលត្រូវបានចាត់ថ្នាក់ថាទីក្រុងមានចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិសរុបខ្ពស់ៗបំផុត។នៅក្នុងនោះកំណើនប្រជាជនមានទ្រព្យសម្បត្តិច្រើនរបស់ទីក្រុងឡុងដ៍បានកើនឡើង ១៨,៣% ទីក្រុងញូវយ៉ក ១៦,៩% និងទីក្រុងតូក្យូ ១៥,៨%។
យ៉ាងណាមិញ បើគិតតាមចំនួនជាក់ស្តែង ទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់លេខពីរ ខណៈទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់លេខមួយ ដែលមានពលរដ្ឋមានទ្រព្យសម្បត្តិច្រើនបំផុត ចំនួន ២៣ ៧៨៥ នាក់។ ទីក្រុងឡូសអាន់ជឺឡេស ជាប់ចំណាត់ថ្នាក់លេខបី ដោយមានចំនួន ១២ ៩៩៥ នាក់ ខណៈទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាប់ចំណាត់ថ្នាក់លេខបួន មានចំនួនចំនួន ៩ ២១០ នាក់ និងទីក្រុងឈីកាហ្គោ ជាប់ចំណាត់ថ្នាក់លេខប្រាំ មានចំនួន ៨ ៣៧៥ នាក់៕

