អ៉ីរ៉ង់ ចង់ប្រើលុយបង្កកចំនួន ៦ពាន់លានដុល្លារ ទិញទំនិញសំខាន់ៗ សម្រាប់ប្រទេសខ្លួន

អន្តរជាតិ

អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា អ៉ីរ៉ង់នឹងប្រើប្រាស់ផ្នែកមួយនៃទ្រព្យសម្បត្តិចំនួន ៦ពាន់លានដុល្លារដែលត្រូវបានបង្កកនៅក្នុងប្រទេសកាតា ដើម្បីទិញទំនិញសំខាន់ៗ សម្រាប់ប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Gharibabadi បាននិយាយនៅថ្ងៃទី១ ខែកក្កដាថា នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកាតា រួមទាំងតំណាងមកពីធនាគារកណ្តាល ភាគីទាំងពីរបានពិភាក្សាអំពីវិធីប្រើប្រាស់ផ្នែកមួយនៃទ្រព្យសម្បត្តិចំនួន ៦ពាន់លានដុល្លារដំបូងដែលត្រូវបានបញ្ចេញ បន្ទាប់ពីត្រូវបានបង្កកទុកអស់រយៈពេលជាយូរ។

មិតតែប៉ុណ្ណោះ អនុរដ្ឋមន្ត្រីការបរទេសរូបនេះបានមានប្រសាសន៍ទៀតថា ៖”ភាគីទាំងពីរបានឯកភាពគ្នាថា ដោយផ្អែកលើតម្រូវការដែលយើងបានស្នើឡើង ទំនិញសំខាន់ៗមួយចំនួននឹងត្រូវបានទិញ និងដឹកជញ្ជូនទៅកាន់អ៉ីរ៉ង់”។

គួរឲ្យដឹងថាមូលនិធិដែលលោក Gharibabadi បានលើកឡើងគឺជាផ្នែកមួយនៃប្រាក់ចំណូលប្រេងរបស់អ៉ីរ៉ង់ ដែលត្រូវបានផ្ទេរពីកូរ៉េខាងត្បូងទៅកាន់គណនីចូលប្រើប្រាស់ដែលមានការរឹតត្បិតនៅក្នុងប្រទេសកាតា ដោយចាប់ផ្តើមនៅឆ្នាំ២០២៣ មក។ ហើយកាលពីថ្ងៃទី២៩ ខែមិថុនា ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ក៏បានប្រកាសផងដែរថា កាតានឹងយល់ព្រមបញ្ចេញទ្រព្យសម្បត្តិចំនួន ៦ពាន់លានដុល្លារក្នុងចំណោមទ្រព្យសម្បត្តិសរុបចំនួន ១២ពាន់លានដុល្លាររបស់អ៉ីរ៉ង់ដែលត្រូវបានបង្កកនៅក្នុងប្រទេសរបស់ខ្លួន។

ជម្រាបជូនថា យោងតាមអនុស្សរណៈដែលបានចុះហត្ថលេខានៅពាក់កណ្តាលខែមិថុនាកន្លងទៅ សហរដ្ឋអាមេរិកបានយល់ព្រមអនុញ្ញាតឱ្យអ៉ីរ៉ង់ចូលប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានបង្កក ឬដាក់កម្រិតជាផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណាក៏ដោយ យន្តការចែកចាយ របៀបដែលមូលនិធិនឹងត្រូវបានប្រើប្រាស់ និងពេលវេលានៃការអនុវត្តមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕​