រុស្ស៊ី ស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែម បន្ទាប់ពីខ្វះខាតដោយសារអ៊ុយក្រែនវាយប្រហារខ្លាំង

អន្តរជាតិ

រុស្ស៊ី ដែលត្រូវបានស្គាល់ថាជាប្រទេសនាំចេញប្រេងឈានមុខគេរបស់ពិភពលោក កំពុងចរចាជាមួយភាគីផ្សេងៗ ដើម្បីនាំចូលប្រេងសាំងបន្ថែម ដើម្បីដោះស្រាយកង្វះខាតដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃទី៣០ ខែមិថុនាថា ៖”ការពិភាក្សាកំពុងដំណើរការទៅដោយវិជ្ជមាន។ ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ក្នុងតម្លៃដែលអាចទទួលយកបាន ការនាំចូលប្រេងសាំងនឹងបន្ត”។

យ៉ាងណាមិញ នេះត្រូវចាត់ទុកថាជារឿងដ៏កម្រមួយដែលរុស្ស៊ីទទួលស្គាល់ថាកំពុងស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែមពីប្រទេសផ្សេង។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ថា រុស្ស៊ីកំពុងពិភាក្សាអំពីការនាំចូលប្រេងសាំងប្រភេទ AI-92 ចំនួន ៥០ ០០០ តោនពីប្រទេសកាហ្សាក់ស្ថានផងដែរ ខណៈនៅពេលនោះ រដ្ឋមន្ត្រីថាមពលកាហ្សាក់ស្ថានបាននិយាយថា ទីក្រុងមូស្គូមិនទាន់បានស្នើជាផ្លូវការអំពីការនាំចូលប្រេងឥន្ធនៈទាំងនេះនៅឡើយទេ។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីនៅវិមានក្រឹមឡាំងនៅថ្ងៃទី២៨ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថា ការវាយលុកថ្មីៗនេះរបស់អ៊ុយក្រែនបានបង្កឱ្យមានកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ក្នុងរយៈពេលខ្លីនៅក្នុងតំបន់ជាច្រើននៃប្រទេសរុស្ស៊ី ដោយបន្ថែមថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះ។

គួរជម្រាបជូនថា រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេទីពីររបស់ពិភពលោក និងជាអ្នកនាំចេញផលិតផលប្រេងចម្រាញ់ធំជាងគេទីបី បានឃើញការធ្លាក់ចុះ ២៥% នៃការផលិតប្រេងសាំងរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទ្រង់ទ្រាយធំជាបន្តបន្ទាប់ និងបានបង្ខំឲ្យមានការបិទរោងចក្រចម្រាញ់ប្រេងសំខាន់ៗជាច្រើនរបស់ប្រទេសនេះ៕