Alibaba យល់ព្រមបង់លុយ ៦០០លានដុល្លារ បញ្ចប់សំណុំរឿងលក់ថ្នាំខុសច្បាប់នៅអាមេរិក

អន្តរជាតិ

ក្រសួងយុត្តិធម៍សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី១ ខែកក្កដាថា ក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មខ្នាតយក្សរបស់ចិន Alibaba និងក្រុមហ៊ុនដំណើរការទូទាត់សាច់ប្រាក់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករបស់ខ្លួន បានយល់ព្រមបង់ទឹកប្រាក់ចំនួន ៦០០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ដែលថា ពួកគេបានបរាជ័យក្នុងការទប់ស្កាត់ការលក់ឱសថខុសច្បាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនទាំងពីរនេះ បានឈានដល់កិច្ចព្រមព្រៀងមិនចោទប្រកាន់ (Non-prosecution agreement) ដើម្បីដោះស្រាយការចោទប្រកាន់ដែលថា ពួកគេបានរំលោភបំពានលើច្បាប់ស្តីពីអាហារ ឱសថ និងគ្រឿងសម្អាងសហព័ន្ធរបស់សហរដ្ឋអាមេរិក (U.S. Federal Food, Drug, and Cosmetic Act) ដោយសារតែការខកខានមិនបានទប់ស្កាត់ក្រុមអាជីវករ ពីការលក់ និងនាំចូលឱសថខុសច្បាប់ សារធាតុគីមី និងម៉ាស៊ីនផលិតគ្រាប់ថ្នាំ ចូលមកកាន់សហរដ្ឋអាមេរិក តាមរយៈបណ្តាញវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ Alibaba។

មិនតែប៉ុណ្ណោះ ក្រសួងយុត្តិធម៌បានឱ្យដឹងទៀតថា ក្រុមហ៊ុន Alibaba និងក្រុមហ៊ុនដំណើរការទូទាត់សាច់ប្រាក់ប្រចាំនៅសហរដ្ឋអាមេរិករបស់ខ្លួន គឺ AUS Merchant Services បានព្រមព្រៀងគ្នាក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីទទួលខុសត្រូវចំពោះទង្វើរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ពួកគេ ព្រមទាំងពង្រឹងកម្មវិធីអនុលោមភាពរបស់ខ្លួនបន្ថែមទៀត។

យ៉ាងណាមិញ ក្រុមហ៊ុន Alibaba បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការដោះស្រាយនេះឆ្លុះបញ្ចាំងពីដំណើរការរៀបចំបទប្បញ្ញត្តិយ៉ាងហ្មត់ចត់ ក្រោមការសហការយ៉ាងពេញលេញពីសំណាក់ Alibaba និងការប្តេជ្ញាចិត្តរបស់យើងចំពោះស្តង់ដារគ្រប់គ្រង គោលនយោបាយ និងវិធានការដ៏ល្អបំផុត ប្រឆាំងនឹងការលក់ផលិតផលដែលមិនត្រឹមត្រូវតាមច្បាប់”។

គួរជម្រាបជូនថា យោងតាមក្រសួងយុត្តិធម៌ ក្រុមហ៊ុន Alibaba បានសារភាពជាផ្នែកមួយនៃកិច្ចព្រមព្រៀងថា ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ ខ្លួនបានបរាជ័យក្នុងការទប់ស្កាត់ការលក់ផលិតផលប្រហែល ៨០ ០០០ ករណី ដែលរួមមានសារធាតុគីមី ឱសថ និងឧបករណ៍ក្លែងបន្លំឱសថ ដែលត្រូវបាននាំចូលពីបរទេស៕​