តម្លៃប្រេងឆៅពិភពលោក បានបន្តធ្លាក់ចុះជាង ១% បន្ថែមទៀត បន្ទាប់ពីអង្គការ OPEC+ បានយល់ព្រមបង្កើនគោលដៅទិន្នផលរបស់ខ្លួន ចាប់ពីខែសីហានេះ ខណៈពេលដែលការនាំចេញពីប្រទេសផលិតសំខាន់ៗតាមរយៈច្រកសមុទ្រ Hormuz កំពុងងើបឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,០២ដុល្លារ ឬ ១,៤១% មកនៅត្រឹម ៧១,១០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ០,៤៥% នៅសប្តាហ៍មុន។ ទន្ទឹមនឹងនេះ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក កំពុងលក់ក្នុងតម្លៃ ៦៧,៨៩ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៨០សេន ឬ ១,១៦%។
គួរឲ្យដឹងថា តម្លៃប្រេងឆៅសំខាន់ៗទាំងពីរ មានការផ្លាស់ប្តូរតិចតួចកាលពីសប្តាហ៍មុន ខណៈពេលដែលវិនិយោគិនបានបន្តតាមដានយ៉ាងដិតដល់លើការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលកំណត់លើជោគវាសនានៃការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ជុំវិញការងើបឡើងវិញនៃការនាំចេញប្រេងពីប្រទេសនៅឈូងសមុទ្រ។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃតម្លៃប្រេងឆៅនេះ គឺបានកើតឡើង បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលហៅថា OPEC+ រួមទាំងប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនគោលដៅផលិតកម្មបន្ថែមទៀតចំនួន ១៨៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែសីហានេះតទៅ បន្ថែមពីលើការបង្កើនស្រដៀងគ្នានេះផងដែរ សម្រាប់ខែមិថុនា និងខែកក្កដាកន្លងទៅ៕

