ជប៉ុន ប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់រុស្ស៊ី

អន្តរជាតិ

ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈយន្តហោះពីប្រទេសរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី តាមរយៈប្រទេសទីបី ឬការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយនៅលើសមុទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៧ ខែកក្កដា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានប្រកាសថា ជប៉ុនកំពុងសម្របសម្រួលជាមួយសមាជិកនៃក្រុម G7 និងប្រទេសដទៃទៀត ដើម្បីហាមឃាត់ការនាំចេញរបស់របរជាច្រើនក្រោមទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី រួមទាំងប្រេងឥន្ធនៈយន្តហោះផងដែរ។

លោក Akazawa បានថ្លែងថា ការហាមឃាត់នេះអនុវត្តចំពោះការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់ប្រទេសរុស្ស៊ីតាមរយៈប្រទេសទីបី ក៏ដូចជាការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយទៀតនៅលើសមុទ្រ។ លោកបានមានប្រសាសន៍ទៀតថា ៖”យើងនឹងបន្តគ្រប់គ្រងការនាំចេញយ៉ាងតឹងរ៉ឹងនៅពេលសហការជាមួយប្រទេសដទៃទៀត ខណៈពេលដែលកំពុងពិចារណាលើស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះផងដែរ”។

យ៉ាងណាមិញ លោក Akazawa បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៣ ខែកក្កដា ថាយ៉ាងហោចណាស់ប្រេងឥន្ធនៈយន្តហោះចំនួន ២០០ ០០០ បារ៉ែលត្រូវបានគេរំពឹងថានឹងដឹកទៅផ្ទុកនៅកំពង់ផែ Chiba ប្រទេសជប៉ុន នៅពាក់កណ្តាលខែកក្កដានេះ ហើយនឹងត្រូវបន្តដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ការដឹកជញ្ជូននេះនឹងត្រូវបានផ្ទេរទៅនាវាមួយផ្សេងទៀត មុនពេលបញ្ជូនទៅដល់ប្រទេសរុស្ស៊ី។

គួរជម្រាបជូនថា រុស្ស៊ីកំពុងប្រឈមមុខនឹងការកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង និងកន្លែងផ្ទុកប្រេងធំៗរបស់ខ្លួន៕ ​