វៀតណាម បាននាំចូលពេជ្រមានតម្លៃប្រហែល ១២១,៥លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ ដោយក្នុងនោះប្រទេសឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់ធំជាងគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមនាយកដ្ឋានគយ បានបង្ហាញឲ្យដឹងថាការដឹកជញ្ជូនពេជ្រពីប្រទេសឥណ្ឌា មានតម្លៃសរុបប្រមាណ ៦៣,២លានដុល្លារ ឬប្រហែល ៥២% នៃការនាំចេញពេជ្រសរុបរបស់ប្រទេសវៀតណាម។
ទន្ទឹមនឹងនេះ បែលហ្ស៊ិកគឺជាអ្នកផ្គត់ផ្គង់ធំបំផុតទី២ ដោយដឹកជញ្ជូនពេជ្រមានតម្លៃ ១៧,៩លានដុល្លារ ក្នុងអឡុងពេល ៦ខែនេះ បើធៀបទៅនឹង ៥១,៧លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ អ៊ីស្រាអែលឈរនៅលំដាប់ទីបី ដោយមានការនាំចូលក្នុងតម្លៃ ៩លានដុល្លារ បន្ទាប់មកគឺបុតស្វាណា ៧,៧លានដុល្លារ និងថៃ ៥,១លានដុល្លារ។
ដោយឡែកសម្រាប់អ្នកផ្គត់ផ្គង់គួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានសហរដ្ឋអាមេរិក (៣,៦លានដុល្លារ) ហុងកុង (២,៨លានដុល្លារ) ជប៉ុន (២,៧លានដុល្លារ) និងចិន (២,២លានដុល្លារ)។
ជម្រាបជូនផងដែរថា យោងតាមនាយកដ្ឋានគយ បទប្បញ្ញត្តិបច្ចុប្បន្ន ពេជ្រឆៅអាចត្រូវបាននាំចូលពីទីផ្សារដែលចូលរួមនៅក្នុងគម្រោង Kimberley Process Certification Scheme (KPCS) តែប៉ុណ្ណោះ។ ការដឹកជញ្ជូនត្រូវតែភ្ជាប់មកជាមួយវិញ្ញាបនបត្រ KPCS នេះ ដែលមានសុពលភាពនឹងត្រូវបានចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃទីផ្សារនាំចេញ និងអនុវត្តតាមឯកសារគយ និងនីតិវិធីបញ្ចេញទំនិញទាំងអស់របស់ប្រទេសវៀតណាម៕

