មេធំក្រុមហ៊ុន SoftBank ថា AI នឹងត្រូវការទឹកប្រាក់ចំនួន ៥ទ្រីលានដុល្លារ ដើម្បីអភិវឌ្ឍជារៀងរាល់ឆ្នាំ

អន្តរជាតិ

លោក Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group បាននិយាយថា ការអភិវឌ្ឍបច្ចេកវិទ្យា AI នឹងត្រូវការទុនវិនិយោគចំនួន ៥ទ្រីដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០៤០ ចំពេលឧស្សាហកម្មនេះ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រុមវិនិយោគបច្ចេកវិទ្យាខ្នាតយក្សរបស់ជប៉ុនមួយនេះ បានចាប់ផ្តើមកម្មវិធីវិនិយោគដ៏ទូលំទូលាយមួយរបស់ខ្លួន ដើម្បីបង្កើតជាវេទិកា AI ស្នូល ដោយដាក់ប្រាក់រាប់សិបពាន់លានដុល្លារទៅក្នុង OpenAI ផ្តល់ហិរញ្ញប្បទានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ និងវិនិយោគលើក្រុមហ៊ុនមនុស្សយន្តផងដែរ។

យ៉ាងណាមិញ លោក Son បាននិយាយនៅក្នុងសន្និសីទសាជីវកម្មប្រចាំឆ្នាំរបស់ SoftBank នៅទីក្រុងតូក្យូថា ៖”ជារៀងរាល់ឆ្នាំ ទឹកប្រាក់ចំនួន ៥ទ្រីលានដុល្លារ ឬប្រមាណ ៨០០ទ្រីលានយ៉េន នឹងត្រូវចំណាយលើ AI អ្នកគិតជាវាជារឿងកុហក ប៉ុន្តែនេះគឺជាអ្វីដែលនឹងត្រូវចំណាយយ៉ាងពិតប្រាកដ”។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន SoftBank បានចាក់បញ្ជូលក្តីរំពឹងរបស់ខ្លួនយ៉ាងខ្លាំង ទៅលើក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនផលិត ChatGPT ខណៈពេលដែលការវិនិយោគរបស់ខ្លួនត្រូវបានកំណត់ថានឹងមានចំនួនលើសពី ៦០ពាន់លានដុល្លារ មុនពេលឆ្នាំ២០២៦ ត្រូវបញ្ចប់។

លើសពីនេះ ដើម្បីផ្តល់ថាមពលដល់ AI លោក Son បានព្យាករថាមជ្ឈមណ្ឌលទិន្នន័យ AI នឹងត្រូវការការបង្កើតថាមពលរហូតដល់ចំនួន ៣ តេរ៉ាវ៉ាត់នៅឆ្នាំ២០៤០ ដែលស្មើនឹង ១,៨ ដងនៃការប្រើប្រាស់ថាមពលសរុបទូទាំងពិភពលោកនាពេលបច្ចុប្បន្ន៕​