កូនៗបិតាវិនិយោគ Warren Buffett ត្រៀមស្នងមរតកពីឪពុក ក្រោយឈប់បរិច្ចាគឲ្យអង្គការ Bill Gates

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូល និងត្រូវបានគេស្គាល់ថាជាបិតាវិនិយោគ Warren Buffett បានប្រកាសថាលោកសម្រេចចិត្តលែងបរិច្ចាគលុយដល់មូលនិធិសប្បុរសធម៌ Gates Foundation ដែលបង្កើតឡើងដោយមហាសេដ្ឋី Bill Gates ទៀតហើយ ខណៈពេលដែលកូនៗរបស់លោកឥឡូវនេះ​ កំពុងត្រៀមស្នងមរតកបន្តពីលោកជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញរឿងរ៉ាវនេះ បានកើតឡើងបន្ទាប់ពីប្រធានក្រុមហ៊ុន Berkshire Hathaway វ័យ ៩៥ឆ្នាំរូបនេះ បានសម្រេចចិត្តលុបចោលមូលនិធិ Gates Foundation ចេញពីការបរិច្ចាគសប្បុរសធម៌ប្រចាំឆ្នាំរបស់លោក ដែលរួមមានភាគហ៊ុនរបស់ក្រុមហ៊ុនតម្លៃជិត ៦ពាន់លានដុល្លារផងដែរ។

គួរឲ្យដឹងផងដែរថា លោក Buffett បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire មានតម្លៃជាង ៤៧ពាន់លានដុល្លារទៅឱ្យមូលនិធិ Gates Foundation ចាប់តាំងពីឆ្នាំ២០០៦ មក។

យ៉ាងណាមិញ បន្ទាប់ពីការលុបចោលមូលនិធិរបស់មហាសេដ្ឋី Bill Gates នេះ​ លោក Buffett នឹងបង្វែទ្រព្យសម្បត្តិរបស់ខ្លួន រួមទាំងភាគហ៊ុន Class B ចំនួន ១២ លានហ៊ុន ទៅឲ្យមូលនិធិចំនួន៤ ដែលដឹកនាំដោយកូនៗរបស់លោក រួមមាន Susie, Howard និង Peter ជំនួសវិញ។

គួរជម្រាបជូនផងដែរថា លោក Buffett ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាមហាសេដ្ឋីមានដាច់គេទី១០ នៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសម្រាប់ប្រមាណ ១៣៩,៨ពាន់លានដុល្លារ៕​