ប្រទេសថៃ មានគម្រោងបោះបង់ចោលគម្រោងសាងសង់ស្ពានដីគោកដែលធ្លាប់បានស្នើឡើង ដែលតភ្ជាប់រវាងឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ បន្ទាប់ពីការសិក្សារបស់រដ្ឋាភិបាលបានសន្និដ្ឋានថា គម្រោងនឹងអាចនឹងផ្តល់ការខាតបង់ធ្ងន់ធ្ងរដោយសេដ្ឋកិច្ច ហើយបង្កហានិភ័យដល់បរិស្ថានយ៉ាងច្រើនផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ekniti Nitithanprapas បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែកក្កដា ថាគណៈកម្មាធិការរដ្ឋាភិបាលបានណែនាំឱ្យលុបចោលគម្រោងនេះ ដែលពីមុនត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ១ទ្រីលានបាត (៣០ពាន់លានដុល្លារ)។
លោក Ekniti បាននិយាយទៀតថា ការសិក្សាដែលបានធ្វើបច្ចុប្បន្នភាពបានរកឃើញថា គម្រោងនេះនឹងបង្កើតការខាតបង់ជារួម ដោយបញ្ច្រាសការវាយតម្លៃពីមុនដែលបានព្យាករពីអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន។
គួរឲ្យដឹងផងដែរថា គម្រោងស្ពានដីគោកនេះ គ្រោងនឹងសាងសង់ឡើងដោយការតភ្ជាប់គ្នារវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក តាមរយៈផ្លូវដែក និងផ្លូវថ្នល់មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពោលគឺពុំចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រម៉ាឡាកា នៅចម្លោះម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនោះឡើយ។
ហើយយ៉ាងណាមិញ គម្រោងនេះ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងវិញ នៅដើមឆ្នាំ២០២៦ នេះ បន្ទាប់ពីមានភាពតានតឹងជុំវិញច្រកសមុទ្រ Hormuz ដែលបានបង្ហាញពីភាពងាយរងគ្រោះនៃផ្លូវដឹកជញ្ជូនសកល។ មិនតែប៉ុណ្ណោះ កាលពីខែមេសា ឧបនាយករដ្ឋមន្ត្រីថៃ លោក Phiphat Ratchakitprakarn ក៏បាននិយាយថា រដ្ឋាភិបាលថៃ នឹងពន្លឿនគម្រោងនេះឡើងវិញផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការសិក្សាចុងក្រោយបំផុត បានរកឃើញថា ផលចំណេញហិរញ្ញវត្ថុដែលរំពឹងទុករបស់គម្រោងនេះបានធ្លាក់ចុះមកត្រឹម ៤,៨% ពី ៨% ខណៈពេលដែលបរិមាណនៃការដឹកជញ្ជូនទំនិញដែលបានព្យាករមានកម្រិតទាបជាងការប៉ាន់ស្មានពីមុនរហូតដល់ ១៦% ។ នេះបើយោងតាមកាសែត The Nation។
លើសពីនេះ គណៈកម្មការគម្រោងក៏បានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាននៃគម្រោងនេះផងដែរ រួមទាំងហានិភ័យចំពោះព្រៃកោងកាងរបស់ខេត្ត Ranong ប្រព័ន្ធអេកូឡូស៊ីសមុទ្រ នេសាទ ទេសចរណ៍ និងសហគមន៍ឆ្នេរសមុទ្រជាដើម៕

