រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឱ្យមានការផ្លាស់ប្តូរពន្ធលើអចលនទ្រព្យ ដែលនឹងដាក់ពន្ធខ្ពស់ជាងសម្រាប់ម្ចាស់ផ្ទះដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដើម្បីធ្វើឱ្យទីផ្សារលំនៅដ្ឋានមានស្ថេរភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបិទទ្វារដែលធ្វើឡើងដោយប្រធានាធិបតី លោក Lee Jae Myung ដែលក្នុងនោះទីផ្សារភាគហ៊ុន និងអចលនទ្រព្យក្នុងស្រុកត្រូវបានលើកយកមកពិភាក្សា ខណៈពេលដែលរដ្ឋាភិបាលព្យាយាមបន្ធូរបន្ថយកំហឹងរបស់សាធារណជនចំពោះតម្លៃផ្ទះខ្ពស់ និងទីផ្សារភាគហ៊ុនដែលមានការប្រែប្រួល។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Koo Yun-cheol បានមានប្រសាសន៍ថា ៖”យើងនឹងកែទម្រង់ពន្ធអចលនទ្រព្យតាមរបៀបសមហេតុផលដើម្បីបង្កើតទីផ្សារលំនៅដ្ឋានដែលផ្តោតលើលំនៅដ្ឋានក្រោមគោលការណ៍ដែលថាផ្ទះគឺជាកន្លែងសម្រាប់រស់នៅ មិនមែនសម្រាប់ទិញលក់នោះទេ”។
យ៉ាងណាមិញ ក្នុងចំណោមការផ្លាស់ប្តូរផ្សេងៗដែលរួមបញ្ចូលនៅក្នុងការកែប្រែពន្ធគយថ្មីប្រចាំឆ្នាំដែលបានប្រកាសកាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ ក្រសួងហិរញ្ញវត្ថុ បានស្នើឱ្យបង្កើនការលើកលែងពន្ធលើអចលនទ្រព្យសម្រាប់អ្នកដែលមានផ្ទះមួយ និងរស់នៅក្នុងនោះ។ ក្រសួង ក៏បានស្នើឱ្យមានការបង្កើនអត្រាពន្ធលើអចលនទ្រព្យរហូតដល់ ២,៣% អាស្រ័យលើតម្លៃផ្ទះ និងការបង្កើនបន្ទុកពន្ធលើម្ចាស់ផ្ទះច្រើន និងផ្ទះថ្លៃៗ ផងដែរ។
គួរជម្រាបជូនផងដែរថា កាលពីខែមុន រដ្ឋបាលរបស់លោក Lee បានរៀបចំវេទិកាពិភាក្សាសាធារណៈជាបន្តបន្ទាប់លើគោលនយោបាយទីផ្សារអចលនទ្រព្យ បន្ទាប់ពីតម្លៃផ្ទះក្នុងស្រុកបានកើនឡើងសម្រាប់ខែទី១៣ ជាប់ៗគ្នា គិតនៅក្នុងខែមិថុនា និងខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក៕

