ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី៤ សីហាថា OpenAI និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន នឹងបង់លុយចំនួន ៣,២លានដុល្លារដើម្បីដោះស្រាយការអះអាងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលនិយាយថាក្រុមហ៊ុនរបស់ពួកគេពេញចិត្តក្នុងការជួលកម្មករបរទេសដែលមានទិដ្ឋាការការងារបណ្តោះអាសន្ន និងរើសអើងទៅលើកម្មករជនជាតិអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងយុត្តិធម៌នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបាននិយាយថា OpenAI និង Statsig ដែលជាក្រុមហ៊ុនផលិតកម្មវិធីអភិវឌ្ឍ បានជ្រើសរើសកម្មករបរទេសសម្រាប់មុខតំណែងទំនេរមួយចំនួន និងបានចាត់វិធានការផ្សេងៗដើម្បីបំបាក់ទឹកចិត្តកម្មករអាមេរិកពីការដាក់ពាក្យស្នើសុំការងារពីក្រុមហ៊ុនរបស់ខ្លួន។
ទន្ទឹមនឹងនេះ ជំនួយការអគ្គរដ្ឋអាជ្ញា លោក Harmeet Dhillon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ការដោះស្រាយដ៏សំខាន់ៗនេះ គឺដើម្បីធានាថា OpenAI ប៉ះប៉ូវនូវការខូចខាត និងផ្លាស់ប្តូរការអនុវត្តចំពោះការជ្រើសរើសបុគ្គលិករបស់ខ្លួន ដើម្បីឱ្យកម្មករអាមេរិកទទួលបានឱកាសយុត្តិធម៌សម្រាប់មុខតំណែងបច្ចេកវិទ្យាដែលមានតម្រូវការខ្ពស់”។
មិនតែប៉ុណ្ណោះ ក្រសួងយុត្តិធម៌អាមេរិក ក៏បានចោទប្រកាន់ទៀតថា ក្រុមហ៊ុនទាំងពីរបានរំលោភបំពានទៅលើច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហព័ន្ធ ដែលហាមឃាត់ការរើសអើងដោយផ្អែកលើសញ្ជាតិ។
គួរជម្រាបជូនផងដែរថា ជុំវិញការដោះស្រាយទាំងនេះរួមមានការពិន័យជាទឹកប្រាក់ចំនួន ១,២លានដុល្លារ និង ២លានដុល្លារផ្សេងទៀតដើម្បីផ្តល់សំណងដល់ជនរងគ្រោះដែលទទួលបានការរើសអើង៕

