ក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាបានជូនដំណឹងដល់សភាអំពីផែនការរបស់ខ្លួនក្នុងការបិទបញ្ចប់បេសកកម្មការទូតចំនួនប្រាំនៅបរទេស រួមទាំងបេសកកម្មនៅក្នុងប្រទេសជប៉ុន កាណាដា និងឥណ្ឌូណេស៊ី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ប្រភពអនាមិកមួយ បានរាយការណ៍ថា នៅក្នុងអនុស្សរណៈមួយដែលបានផ្ញើទៅកាន់គណៈកម្មាធិការសភាជាច្រើន កាលពីចុងសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបិទបេសកកម្មការទូតនៅ St. George’s (ហ្គ្រីណាដា); Nagoya (ជប៉ុន); Medan (ឥណ្ឌូណេស៊ី); Douala (កាមេរូន); និង Winnipeg (កាណាដា)។
គួរឲ្យដឹងផងដែរថា ចំពោះទីតាំងនៅ St. George’s របស់ប្រទេសហ្រ្គីណាដា គឺជាស្ថានទូត ខណៈទីតាំងនៅ Medan, Winnipeg និង Nagoya គឺជាស្ថានកុងស៊ុល ខណៈពេលដែលស្ថានកុងស៊ុលនៅ Douala ប្រទេសកាមេរូន គឺជាការិយាល័យសាខារបស់ស្ថានទូត។
យ៉ាងណាមិញ ជុំវិញការបិទបេសកម្មការទូតជាច្រើនរបស់សហរដ្ឋអាមេរិកក្នុងពេលដំណាលគ្នា ដោយគ្មានព្រឹត្តិការណ៍ភូមិសាស្រ្តនយោបាយជាក់លាក់ណាមួយបែបនេះ គឺត្រូវបានគេចាត់ទុកជារឿងដ៏កម្របំផុតមួយ។
កាលពីដើមឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏បានរាយការណ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាប់ផ្តើមរៀបចំបិទបេសកកម្មការទូតជិត ១០ កន្លែងនៅបរទេស។ ចលនានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការកែទម្រង់ឧបករណ៍រដ្ឋាភិបាល ដោយធានាថាប្រព័ន្ធទាំងមូលដំណើរការស្របតាមយុទ្ធសាស្ត្រ “អាមេរិកមុនគេ” ឬ “America First” របស់លោក។
មិនតែប៉ុណ្ណោះ ការិយាល័យគ្រប់គ្រង និងថវិកាសេតវិមានថែមទាំងបានជំរុញឱ្យមានផែនការដ៏ខ្លាំងក្លាជាងមុន ដោយមានគោលបំណងលុបបំបាត់ការិយាល័យតំណាងរហូតដល់ ៣០ កន្លែង។ មន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលបានអះអាងថា តំណាងតូចៗទាំងនេះមិនចាំបាច់ និងចំណាយច្រើនហួសហេតុពេក៕

