លោក ត្រាំ​ ថាច្រក Hormuz នឹងក្លាយជាទឹកដីរបស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ក្នុងពេលឆាប់ៗខាងមុខនេះ ច្រកសមុទ្រ Hormuz នឹងក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការយកឈ្នះទៅលើអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងក្នុងពិធីមួយនៅឯសាលាប៉ូលីស ក្នុងរដ្ឋញូវយ៉កកាលពីថ្ងៃទី១៤ ខែសីហាថា ៖”បន្ទាប់ពីយើងយកឈ្នះអ៊ីរ៉ង់ ខ្ញុំនឹងប្រកាសថាច្រកសមុទ្រ Hormuz ជាទឹកដីរបស់អាមេរិក ក្នុងពេលឆាប់ៗនេះ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ដឹងច្បាស់ថា តើលោក ត្រាំ កំពុងនិយាយលេងសើច ឬមានចំណាត់ការម៉ឺងម៉ាត់ណាមួយ ចំពោះសេចក្តីថ្លែងការណ៍នេះនៅឡើយនោះទេ ឬវាអាចជាសញ្ញាមួយដែលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន នៅក្នុងជម្លោះជាមួយទីក្រុងតេអេរ៉ង់ ដែលមានរយៈពេលជាងប្រាំខែកន្លងមកនេះ។

មិនតែប៉ុណ្ណោះ នេះមិនមែនជាលើកទីមួយទេដែលប្រធានាធិបតី ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី១២ ខែសីហា កន្លងទៅ លោកក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិក បានធ្វើការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ហើយអ៊ីរ៉ង់មិនអាចធ្វើអ្វីដើម្បីទប់ទល់នឹងអាមេរិកបានឡើយ។

ជម្រាបជូនផងដែរថា ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ច្រកសមុទ្រនេះត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។ នៅពាក់កណ្តាលខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលរួមបញ្ចូលបទប្បញ្ញត្តិដើម្បីស្តារសកម្មភាពផ្លូវសមុទ្រឡើងវិញនៅ Hormuz។ តែទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងគ្នាលើការបកស្រាយបាននាំឱ្យមានការដួលរលំនៃបទឈប់បាញ់វិញ៕​