មន្ត្រីកាណាដាបានប្រកាសផែនការមួយ នៅថ្ងៃទី១៧ ខែសីហា ដើម្បីបង្កើនការផលិតថាមពលខ្យល់ និងវារីអគ្គិសនីក្នុងចំនួនដ៏ច្រើន នៅភាគខាងកើតនៃប្រទេស ជាគម្រោងមួយដែលទីក្រុងអូតាវ៉ាហៅថា “ការវិនិយោគថាមពលស្អាតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកខាងជើង”។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញកិច្ចព្រមព្រៀងបណ្ដោះអាសន្នដ៏ធំនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Mark Carney បានបង្ហាញខេត្ត Quebec ក៏ដូចជា Newfoundland និង Labrador នឹងក្លាយជាផ្នែកដ៏សំខាន់មួយ ដើម្បីបង្កើនការផលិតអគ្គិសនីស្អាត។
គម្រោងនេះ ក៏រួមបញ្ចូលទាំងផែនការធ្វើឱ្យប្រសើរឡើងនូវស្ថានីយ៍ផលិតថាមពល Churchill Falls ដែលកំពុងអភិវឌ្ឍលើគម្រោងវារីអគ្គិសនីថ្មីមួយនៅលើកោះ Gull។ បើតាមការិយាល័យរបស់លោក Carney បានប្រកាសថាទុនវិនិយោគសរុបនៅក្នុងគម្រោងនេះមានចំនួនរហូតដល់ជិត ៧០ពាន់លានដុល្លារកាណាដា (៥០,៥ពាន់លានដុល្លារ)។
គួរឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងកាលពីឆ្នាំមុន លោក Carney ត្រូវបានរិះគន់ដោយក្រុមដែលមានស្មារតីបរិស្ថាន ដែលចោទប្រកាន់លោកថាបានក្បត់ការសន្យាអាកាសធាតុដែលគាំទ្រដោយអ្នកកាន់តំណែងមុន គឺលោក Justin Trudeau ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការប្រកាសគម្រោងថ្មីចុងក្រោយនេះហាក់ត្រូវបានទទួលស្វាគមន៍ដោយវិទ្យាស្ថានអាកាសធាតុកាណាដា ដែលបាននិយាយថា វាបានបង្ហាញពីកម្រិតនៃមហិច្ឆតាដែលត្រូវការ ដើម្បីសម្រេចគោលដៅរបស់ប្រទេសកាណាដា ក្នុងការបង្កើនទ្វេដងនៃបណ្តាញអគ្គិសនីជាមួយនឹងថាមពលស្អាត៕

