ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំមួយដែលផ្តោតទៅលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយគំរាមដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសណាមួយដែលគាំទ្រទីក្រុងតេអេរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី១៩ ខែសីហាថា ៖”ថ្ងៃនេះ ខ្ញុំប្រកាសពីយុទ្ធនាការសេដ្ឋកិច្ចដ៏គ្រោះថ្នាក់បំផុតដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងប្រទេសណាមួយ។ នេះនឹងជាសង្គ្រាមសេដ្ឋកិច្ច និងការដាក់នៅក្នុងភាពឯកោទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានពីមុនមក”។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ បានព្រមានថា ប្រទេសណាមួយដែល អនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬភ្នាក់ងាររដ្ឋាភិបាលរបស់ខ្លួនផ្តល់ការគាំទ្រចាំបាច់ណាមួយដល់អ៊ីរ៉ង់ នោះពួកគេនឹងទទួលរងផលវិបាកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត។
តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់ថា តើទណ្ឌកម្មប្រភេទណាដែលនឹងត្រូវបានដាក់លើប្រទេសទាំងនោះទេ ហើយក្រៅពីអ៊ីរ៉ង់ លោកមិនបានដាក់ឈ្មោះប្រទេសជាក់លាក់ណាមួយ នៅឡើយផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ធ្លាប់បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ក្នុងទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានពីមុនមក នៅក្នុងពិភពលោក។
ថ្មីៗនេះ លោក ត្រាំ និងក្រុមទីប្រឹក្សារបស់លោកជឿថា ការដាក់សម្ពាធសេដ្ឋកិច្ចទាំងនេះ នឹងបង្ខំឱ្យអ៊ីរ៉ង់ទទួលយកលក្ខខណ្ឌរបស់លោកដើម្បីបញ្ចប់ជម្លោះ។ ខណៈពេលដែលមន្ត្រីអ៊ីរ៉ង់ បានអះអាងថា មេដឹកនាំអាមេរិកកំពុងប្រឈមមុខនឹងសម្ពាធនយោបាយក្នុងការដកកងទ័ពចេញ ដែលនាំឱ្យមានភាពជាប់គាំងនៃកិច្ចព្រមព្រៀងក្នុងពេលបច្ចុប្បន្ននេះ៕

