រថយន្តអគ្គិសនីដំបូងរបស់ Ferrari ត្រូវបានដាក់ដេញថ្លៃលក់ ក្នុងតម្លៃ ៤០លានដុល្លារ

អន្តរជាតិ

រថយន្តអគ្គិសនីសុទ្ធដំបូងបំផុតរបស់ក្រុមហ៊ុន Ferrari ម៉ូដែលពិសេសដែលមានតែមួយគ្រឿងគត់ (One-off) ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ៤០លានដុល្លារអាមេរិក នៅក្នុងការដេញថ្លៃសប្បុរសធម៌មួយ ដែលបង្កើតកំណត់ត្រាជារថយន្តថ្មីដែលមានតម្លៃថ្លៃបំផុត មិនធ្លាប់មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Ferrari បានប្រកាសបញ្ចេញរថយន្ត EV ម៉ូដែល Luce ជាលើកដំបូង នៅក្នុងខែឧសភា ឆ្នាំ២០២៦ ជាមួយនឹងតម្លៃចាប់ផ្តើម ៥៥០ ០០០អឺរ៉ូ (ឬប្រហែល ៦៣៩ ០០០ដុល្លារអាមេរិក)។

យោងតាមកាសែត The Straits Times ការដាក់លក់នេះបានរងការរិះគន់ពីសំណាក់អ្នកគាំទ្រមួយចំនួន និងបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ ធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែម៉ូដែលអគ្គិសនីនេះ តំណាងឱ្យការផ្លាស់ប្តូរយ៉ាងធំធេងចេញពីប្រពៃណីដ៏យូរលង់របស់ Ferrari ដែលធ្លាប់តែផលិតរថយន្តស្ព័របែបកម្លាំងខ្លាំង និងប្រើម៉ាស៊ីនចំហេះឥន្ធនៈ (Combustion Engine) ។

យ៉ាងណាមិញ បើទោះបីជាមានការរិះគន់នៅពេលដំបូងក៏ដោយ រថយន្តម៉ូដែល Luce កែច្នៃពិសេស «Tailor Made» ដែលមានតែមួយគ្រឿងគត់នៅលើលោកនេះ ត្រូវបានដាក់ដេញថ្លៃលក់ក្នុងតម្លៃរហូតដល់ ៤០លានដុល្លារអាមេរិក នៅក្នុងការដេញថ្លៃសប្បុរសធម៌មួយរបស់ក្រុមហ៊ុន Sotheby’s នៅរដ្ឋកាលីហ្វ័រញ៉ា។ តម្លៃចុងក្រោយនេះ គឺខ្ពស់ជាង ៣៦ ដង នៃតម្លៃប៉ាន់ស្មានមុនការលក់ ដែលត្រូវបានកំណត់ត្រឹម ១,១លានដុល្លារ ប៉ុណ្ណោះ។

គួរជម្រាបជូនថា រថយន្តអគ្គិសនីម៉ូដែល Luce នេះ ត្រូវបានរចនាឡើងដោយមានការសហការជាមួយ LoveFrom ដែលជាក្រុមហ៊ុនច្នៃប្រឌិត បង្កើតឡើងដោយ លោក Jony Ive អតីតប្រធានផ្នែករចនារបស់ Apple ដែលបានជួយបង្កើតផលិតផលរួមទាំង iPhone និង iMacជាដើម។ រថយន្ត Ferrari អគ្គិសនីបួនទ្វារនេះ អាចផលិតកម្លាំងបានរហូតដល់ទៅជាង ១ ០០០ សេះឯណោះ៕​