តៃវ៉ាន់ និងសហរដ្ឋអាមរេិក ត្រូវបានគេរាយការណ៍ថា បានឈានដល់ការឯកភាពគ្នាយ៉ាងទូលំទូលាយមួយ លើកិច្ចចរចាពន្ធគយរបស់ពួកគេ ហើយកំពុងពិភាក្សាបន្ថែមអំពីកាលវិភាគសម្រាប់ការធ្វើកិច្ចប្រជុំចុងក្រោយ ដើម្បីបញ្ចប់លើកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមប្រភពខាងលើនេះ បានបង្ហាញឲ្យដឹងទៀតថា រដ្ឋាភិបាលបាននិយាយកាលពីខែធ្នូថា តៃវ៉ាន់កំពុងមានគោលបំណងកាត់បន្ថយពន្ធលើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក មកនៅត្រឹម ១៥% ពីកម្រិត ២០%។
គួរឲ្យដឹងថា តៃវ៉ាន់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការចរចានៅក្នុងខែមេសា ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់ពន្ធរហូតដល់ ៣២% លើការនាំចេញរបស់តៃវ៉ាន់ និងក្រោយមកត្រូវបានបន្ទាបមកនៅត្រឹម ២០% ដែលជាផ្នែកមួយនៃវិធានការរបស់លោក ត្រាំ ប្រឆាំងទៅនឹងដៃគូពាណិជ្ជកម្មរាប់សិប។
យ៉ាងណាមិញ នៅក្នុងនាំជាមជ្ឈមណ្ឌលផលិតឧបករណ៍អេឡិចត្រូនិកដ៏សំខាន់បំផុតមួយ តៃវ៉ាន់ បាននិយាយម្តងហើយម្តងទៀតថា ការផ្តល់ជូនរបស់ខ្លួនចំពោះអាមេរិក រួមមានជំនួយក្នុងការចម្លោងភាពជោគជ័យរបស់ខ្លួន ក្នុងការសាងសង់ចង្កោមបច្ចេកវិទ្យាទំនើបៗ។
ទន្ទឹមនឹងនេះ នាពេលកន្លងមករដ្ឋបាលលោក ត្រាំ បាននិងកំពុងខិតធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយតៃវ៉ាន់ ដើម្បីកាត់បន្ថយអត្រាពន្ធរបស់ខ្លួនមកត្រឹម ១៥% ហើយចង់ឱ្យក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស TSMC ប្តេជ្ញាសាងសង់យ៉ាងហោចណាស់រោងចក្រចំនួនប្រាំបន្ថែមទៀតនៅរដ្ឋ Arizona។
ជម្រាបជូនថា អតិរេកពាណិជ្ជកម្មរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក គឺស្ថិតនៅកម្រិតខ្ពស់បំផុតទីប្រាំពីរក្នុងចំណោមប្រទេសផ្សេងទៀត នៅក្នុងឆ្នាំ២០២៤ ដោយឈានដល់ចំនួន ៧៣,៩ពាន់លានដុល្លារអាមេរិក៕

