សភាវៀតណាម បើកភ្លើងខៀវឲ្យរដ្ឋាភិបាល បង្កើនការខ្ចីបំណុលបន្ថែមជិត ៣០ពាន់លានដុល្លារ

អន្តរជាតិ

ថ្មីៗនេះ រដ្ឋសភាវៀតណាម បានបើកភ្លើងខៀវចំពោះសំណើររបស់រដ្ឋាភិបាល ក្នុងការបង្កើនការខ្ចីបំណុលបន្ថែមចំនួន ៦៩០,៥៥ទ្រីលានដុង (២៨,៣៥ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ពោលគឺខ្ពស់ជាងការខ្ចីបំណុលនៅឆ្នាំនេះ ដល់ទៅ ៦% ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាក់ចំណូលរបស់រដ្ឋាភិបាល ត្រូវបានគេរំពឹងទុកថា នឹងមានចំនួនប្រមាណ ១ ៧០០ទ្រីលានដុង នៅឆ្នាំក្រោយ ហើយចំណែកឯឱនភាពថវិការវិញ នឹងមានចំនួន ៣៩៩ទ្រីលានដុង ឬស្មើនឹង ៣,៦% នៃទំហំ GDP។ នេះបើយោងតាមផែនការហិរញ្ញវត្ថុ ដែលត្រូវបានអនុម័តដោយសមាជិកសភា ៩៤% កាលពីព្រឹកថ្ងៃសុក្រ សប្តាហ៍មុន។

គួរឱ្យដឹងថា ទឹកប្រាក់ចំនួន ៦៩០ទ្រីលានដុង ដែលនឹងត្រូវខ្ចីបន្ថែមនោះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីទូទាត់ឱនភាព សេវាបំណុលដែលមានស្រាប់ និងការផ្តល់ប្រាក់កម្ចី ស្របពេលរដ្ឋសភា ក៏បានស្នើឱ្យរដ្ឋាភិបាល ស្វែងរកដំណោះស្រាយ ដើម្បីបង្កើនប្រាក់ចំណូល ដូចជាធ្វើការផ្លាស់ប្តូរច្បាប់ ដើម្បីទប់ស្កាត់ការគេចពន្ធ ជាពិសេសទៅលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលវៀតណាម បាននិងកំពុងធ្វើការលើកម្មវិធីកំណែទម្រង់ប្រាក់បៀវត្សរ៍ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដោះស្រាយទៅលើការត្អូញត្អែររបស់បុគ្គលិកក្នុងវិស័យសាធារណ: ដែលនិយាយថាប្រាក់ឈ្នួលរបស់ខ្លួន មានកម្រិតទាបពេក៕