ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រព័ន្ធបាញ់រ៉ុក្កែតអ៊ីរ៉ង់ចំនួនពីរនៅជិតច្រកសមុទ្រ Hormuz បានជំរុញឲ្យតម្លៃប្រេងឆៅប្រភេទ Brent ហក់ឡើងដល់ ៩០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅ Brent បានកើនឡើងជិត ៣% គិតនៅត្រឹមព្រឹកថ្ងៃទី៣១ សីហា ដោយឡើងដល់ ៩០,៦០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមួយ។ ចំណែកឯប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកវិញ ក៏បានកើនឡើង ២,៦% ផងដែរ ដល់លើសពី ៨៥,៥ដុល្លារក្នុងមួយបារ៉ែល។
គួរឲ្យដឹងថា ទីផ្សារប្រេងឆៅបានជួបប្រទះនឹងការប្រែប្រួលយ៉ាងខ្លាំង បន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានវាយប្រហារប្រព័ន្ធបាញ់រ៉ុក្កែតអ៊ីរ៉ង់ចំនួនពីរនៅលើកោះ Larak ជិតច្រកសមុទ្រ Hormuz។ វរសេនីយ៍ឯក Tim Hawkins អ្នកនាំពាក្យនៃបញ្ជាការកណ្តាល (CENTCOM) បាននិយាយកាលពីព្រឹកថ្ងៃទី៣០ សីហាថា ប្រព័ន្ធបាញ់រ៉ុក្កែតទាំងពីរត្រូវបានវាយប្រហារ បន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញទាហានអ៊ីរ៉ង់កំពុងរៀបចំបាញ់រ៉ុក្កែតដែលផ្ទុកមីនក្រោមទឹក ចូលទៅក្នុងច្រកសមុទ្រ Hormuz។
ជម្រាបជូនថា ការវាយប្រហារនេះបានកើតឡើងត្រឹមតែប្រាំមួយខែប៉ុណ្ណោះ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានឈានដល់កម្រិតកំពូល ហើយជាការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ចាប់តាំងពីចុងខែកក្កដា។ យ៉ាងណាមិញ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលបាលីស្ទិកទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស កន្លែងថែទាំ និងទីតាំងយន្តហោះចម្បាំង នៅមូលដ្ឋានទ័ពអាមេរិកពីរកន្លែងក្នុងប្រទេសហ្ស៊កដានី គឺ King Hussein និង Muwaffaq Salti៕

