ប្រធានាធិបតី ស៊ី ជិនពីង មិននាំយកមេធំក្រុមហ៊ុនកំពូលៗរបស់ខ្លួនសូម្បីតែម្នាក់ មកចូលរួមទស្សនកិច្ចនៅអាមេរិក

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរាយការណ៍ថាមិននាំយកថ្នាក់ដឹកនាំក្រុមហ៊ុនធុរកិច្ចកំពូលៗរបស់ចិនណាមួយ មកជាមួយលោក នៅក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីសហរដ្ឋអាមេរិកនោះទេ ដែលនេះហាក់ផ្ទុយពីផែនការកាលពីដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានរាយការណ៍នៅថ្ងៃទី២៣ ខែកញ្ញា ថា ប្រតិភូដែលអមដំណើរប្រធានាធិបតី លោក ស៊ី ជិនពីង និងលោកស្រី ប៉េង លីយ័ន (Peng Liyuan) ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក គឺមានតែប្រធានការិយាល័យមជ្ឈិម លោក ខាយ ឈី (Cai Qi) រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី (Wang Yi) និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតប៉ុណ្ណោះ ពោលគឺមិនត្រូវបានគេបញ្ជាក់ថាមានអ្នកជំនួញកំពូលណាម្នាក់នោះឡើយ។

យ៉ាងណាមិញ​ បើតាមព័ត៌មាននេះ ហាក់ផ្ទុយពីរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅកាន់វ៉ាស៊ីនតោន ជាមួយប្រតិភូថ្នាក់ដឹកនាំធុរកិច្ចកំពូលៗយ៉ាងច្រើន។ ទន្ទឹមឹនងនេះ សារព័ត៌មាន South China Morning Post (SCMP) បានលើកឡើងទៀតថា ការសម្រេចចិត្តរបស់លោក ស៊ី ក្នុងការមិននាំយកប្រធានក្រុមហ៊ុន CEO កំពូលៗទៅកាន់សហរដ្ឋអាមេរិកនោះ គឺប្រហែលដោយសារតែខ្វះការរីកចម្រើន រវាងប្រតិភូទាំងពីរ ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

លើសពីនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីរដែលស្និទ្ធនឹងរឿងនេះ ក៏បានរាយការណ៍ទៀតថា សេតវិមាន ហាក់ដូចជាមានអាទិភាពផ្សេងទៀត នៅក្នុងរបៀបវារៈរបស់ខ្លួនជាមួយលោក ស៊ី ហើយក៏មិនចង់ឱ្យតំណាងមកពីអាជីវកម្មធំៗ ដែលខ្លួនជឿជាក់ថាមានទំនាក់ទំនងជាមួយយោធាចិន ចូលរួមនៅក្នុងគណៈប្រតិភូនេះនោះដែរ៕​