ស្ថាបនិក ក្រុមហ៊ុន G Adventures ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ ថាកម្ពុជាមានសក្តានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ព្រមទាំងមានសក្ដានុពលទេសចរណ៍ធម្មជាតិជាច្រើនខណៈក្រុមហ៊ុនក៏បានប្តេជ្ញាជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។នេះបើយោងតាមជំនួប រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសជំនួប ស្ថាបនិកក្រុមហ៊ុន G Adventures សរសើរចំពោះចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយបានកត់សម្គាល់ថា ចក្ខុវិស័យនេះស្របគ្នាទៅនឹងបេសកកម្មចម្បងរបស់ក្រុមហ៊ុន G Adventures ដែលតែងតែផ្ដោតលើការអភិវឌ្ឍទេសចរណ៍សហគមន៍ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ស្ថាបនិកក្រុមហ៊ុន ក៏បានបញ្ជាក់ថា កម្ពុជាមានសក្តានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ព្រមទាំងមានសក្ដានុពលទេសចរណ៍ធម្មជាតិជាច្រើន ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន G Adventures ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដោយផ្ដោតលើការប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ជាការឆ្លើយតប, សម្តេចធិបតី បានបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូអន្តរជាតិ ជាកត្តាដ៏សំខាន់បំផុត ក្នុងការបង្ហាញពីការពិតនៃសក្ដានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ សម្ដេចធិបតីក៏បានលើកឡើងពីការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជាការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់តំបន់សំខាន់ៗរបស់កម្ពុជា ជាអាទិ៍ រាជធានីភ្នំពេញ, ខេត្តសៀមរាប និងតំបន់ជុំវិញ ជាដើម។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីការធ្វើទំនើបកម្មប្រព័ន្ធផ្តល់ទិដ្ឋាការ និងការសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរមកកាន់កម្ពុជា។
តាមរយៈជំនួបនោះ សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន G Adventures បន្តធ្វើការជាមួយក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធ ថែមទៀត សំដៅធានាបាននូវភាពធន់ និងចីរភាពនៃវិស័យទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង៕អទ្ថបទ៖ហ្សាលីន

