កម្ពុជា នឹងដាក់ឈ្មោះឧក្រិដ្ឋជនឆបោកតាមអនឡាញក្នុងបញ្ជីខ្មៅ ហាម​ឃាត់មិនឱ្យចូលដែនដីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាម​ឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាម​បណ្ដាច្រកទ្វារព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការឯកភាពគ្នារវាង លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងមហាផ្ទៃ។​ ដោយភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានឯកភាពលើចំណុច​សំខាន់ៗ ចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

កម្ពុជា និងកូរ៉េ បានឯកភាពគ្នាបោសសម្អាតការឆបោកតាមអនឡាញ លើ៣ចំណុចសំខាន់ៗរួមមាន៖

ទី១.ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ នឹងបង្កើតក្រុមការងារ Task Force ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងយន្តការនេះ លោកស្រី គីម ជីណា បានសន្យាថា ភាគីកូរ៉េនឹងផ្ដល់ការគាំទ្រលើការងារបណ្ដុះបណ្ដាល បំប៉នសមត្ថភាព ចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធ ជាមួយមន្រ្តីជំនាញ នៃក្រសួងមហាផ្ទៃកម្ពុជា។

២.ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស។ លោក ស សុខា ចាត់ទុកការផ្ដល់ជូននេះថា ជាស្នូលសំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ។ កម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាម​ឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាម​បណ្ដាច្រកទ្វារព្រំដែន។

៣.លោក ស សុខា និងលោកស្រី គីម ជីណា បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់។

លោក ស សុខា បានបញ្ជាក់ថា កម្ពុជា បានអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ (ភាគច្រើនជាជនបរទេស) បញ្ជូនទៅតុលាការ​ផ្ដន្ទាទោស អនុវត្តនីតិវិធីបណ្ដេញ និងបញ្ជូនចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង និងប្រតិបត្តិការសម្អាតប្រាក់ ទៅកាន់ប្រទេសក្នុងនិងក្រៅតំបន់ជាច្រើនករណី។ ប៉ុន្តែជាប្រការគួរឱ្យសោកស្ដាយ លទ្ធផលនេះ ត្រូវប្រទេស និងអង្គការអន្តរជាតិខ្លះ ផាត់ចោល ប៉ុន្តែព្យាយាម លាបពណ៌ដាក់បន្ទុក ទាំងធាតុពិត ប្រភពនៃបញ្ហា មានភាពប្រទាក់ក្រឡាជាមួយសមត្ថកិច្ចពួកគេដែរ។ ក្នុងន័យនេះ លោក ស សុខា សង្ឃឹមថា លោកស្រីអនុរដ្ឋមន្រ្តីទី២ នឹងចូលរួមផ្ដល់ព័ត៌មានពិតទៅកាន់ថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន និងប្រជាជនកូរ៉េ អំពីស្ថានភាពជារួមនៅកម្ពុជា ដែល លោកជំទាវ និងសហការី បានឃើញ បានស្វែងយល់ និងបានទទួលព័ត៌មាន ពីដំណើរទស្សនកិច្ចនេះ៕