អ្នកវិភាគសេដ្ឋកិច្ច៖ ការជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តកំពតធ្វើឱ្យមានការបង្វែរទិសវិនិយោគពីប្រទេសក្នុងតំបន់ងាកមករកកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

គម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រស្ថិតក្នុងខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ត្រូវបានមន្ត្រីរាជរដ្ឋាភិបាលអះអាងថា បានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់មិនមានអ្វីជាការប៉ះពាល់ឡើយ ហើយបើសិនជាគម្រោងមួយនេះជោគជ័យមែននោះ ត្រូវបានអ្នកជំនាញមើលឃើញថាវានិងធ្វើឱ្យមានការបង្វែរទិសនៃការវិនិយោគពីបណ្តាប្រទេសនៅក្នុងតំបន់ នោះនិងងាកមករកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា យើងដឹងថាការធ្វើព្រែកជីកនេះគឺជាផ្លូវទឹកមួយ ហើយជាផ្លូវកាត់ថែមទៀត។ ការធ្វើផ្លូវទឹកតាមនេះសម្រាប់លំហូរទំនិញតាមកំង់ផែរបស់យើងទៅតាមផ្លូវទឹកទន្លេមេគង្គ ចូលទន្លេបាសាក់ហើយទៅកាន់កំពង់ផែរបស់យើងនៅឯសមុទ្រ។ ប្រសិនបើយើងបង្ហូរទំនិញចូលទៅតាមច្រកក្អមសំណរដើម្បីទៅដល់សមុទ្រយើងត្រូវឆ្លងកាត់ប្រទេសវៀតណាម អីចឹងនៅត្រង់ចំណុចនេះគឹជាយុទ្ធសាស្ត្រនៃការបង្កើនផលិតភាពនៃការដឹកជញ្ជូនរបស់យើងកាន់តែប្រសើរជាងពេលមុន ហើយរួមចំណែកកាត់បន្ថយថ្លៃដើម។ យើងដឹងហើយថាផ្លូវទឹកជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានថ្លៃដើមទាបបំផុត ដោយយើងគ្រាន់តែយើងបង្ហូរតាមបណ្តោយទឹកក៏យើងអាចទទួលបានផលចំណេញដែរ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា«ដូច្នេះហើយការធ្វើព្រែកជីកនេះពិតជាមានសារសំខាន់ រួមចំណែកកាត់ថ្លៃដើមក្នុងការដឹកជញ្ជូននិងធ្វើឱ្យយើចំណេញពេលវេលាដែលធ្វើឱ្យយើងបង្កើនឧត្តមភាពក្នុងការប្រកួតប្រជែងជាមួយនិងប្រទេសជិតខាងក៏ដូចជាប្រទេសដទៃទៀត»។

បើសិនគម្រោងជីកព្រែតភ្ជាប់ទន្លេបាសាក់ទទួលបានជោគជ័យហើយការដឹកជញ្ជូនទំនិញនៅតាមព្រែកជីកដំណើរការ តើកម្ពុជានឹងមានការចាប់អារម្មណ៍បែបណាទៀតពីសំណាក់បណ្តាប្រទេសនៅក្នុងតំបន់?

លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា«ចំពោះបញ្ហានេះយើងរំពឹងថានិងមានការកើនឡើងនៃការវិនិយោគតាមរយៈការមានឧត្តមភាពប្រកួតប្រជែងសម្រាប់នាំចេញ។ ដូចនេះយើងអាចនិយាយបានថាជាការបង្វែរទិសដែលពីមុនគេធ្វើការវិនិយោគនៅប្រទេសចិនអាចនិងងាកមករកប្រទេសយើង។ ការបង្វែរទិសទៅប្រទេសវៀតណាមនៅផលិតកម្មមួយចំនួនអាចមកកាន់ប្រទេសយើងផងដែរ អីចឹងហើយនេះគឺជាឱកាសមួយសម្រាប់កម្ពុជា។ មានន័យថា រាជរដ្ឋាភិបាលគឺជាអ្នកបង្កើតឱកាសដើម្បីជំរុញកំណើន ដល់ពេលនេះគ្រឿងអេឡិចត្រូនិក ការតម្លើងរថយន្ត ផលិតគ្រឿងបង្គុំរថយន្តនិងអាចជាសក្តានុពលឧស្សាហកម្មសម្រាប់ចិញ្ចឹមដល់សេដ្ឋកិច្ចកម្ពុជា»។

ពាក់ព័ន្ធនិងគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពេលថ្មីៗកន្លងទៅ បានសង្កត់ធ្ងន់ថា «គ្រមោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះ»៕ អត្ថបទ៖សារេត