ព្រះមហាក្សត្រ និងព្រះមាតាជាតិខ្មែរ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាន​យាង​ចាក​ចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់រដ្ឋធានីប៉េកាំង នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ក្នុងមួយរយៈពេលនៅទីនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមានអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រនិងព្រះមហាក្សត្រី ហ្លួងម៉ែដ​ល់អា​កាស​យាន​ដ្ឋាន​អន្តរជាតិ​មរតកតេជោ មានវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា. សម្តេច​ ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុ​ប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា សម្តេច ហេង សំរិន ប្រធាន​កិត្តិយស​នៃ​ឧត្តម​ក្រុម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រាជ​វង្សា​នុវង្ស និង​មន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនទៀត។

ដោយឡែកឯកឧត្តម ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិនប្រចាំកម្ពុជាក៏មានវត្តមានថ្វាយព្រះរាជដំណើររបស់ព្រះអង្គផងដែរ។

គួរបញ្ជាក់ថា នេះជាព្រះរាជដំណើរដ៏ទៀងទាត់របស់ព្រះអង្គទាំងទ្វេដែលក្នុង១ឆ្នាំ ព្រះករុណា​ព្រះមហាក្សត្រ និង​ហ្លួងម៉ែនឹងយាងទៅកាន់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន រយៈ​ពេល​២ដង ពោលគឺរយៈពេល​៦​ខែម្តង​ដើម្បី​ស្តេច​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខ​ភាព​តាម​ការ​កំណត់​ដ៏​ទៀង​ទាត់​របស់ក្រុមវេជ្ជបណ្ឌិតល្បីៗ នៃសាធារណរដ្ឋប្រជាមានិតចិន។

យោងតាម​ព្រះ​រាជ​សាររបស់ព្រះមហាក្សត្រ នៅ​ក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយព្រះអង្គក្នុងព្រះបរមនាម ជា​ប្រមុខ​រដ្ឋ​ស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ ហ្សាលីន